ព័ត៌មានជាតិ

ថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ! ក្រសួងធម្មការ ណែនាំវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានណែនាំដល់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត រៀបចំ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមវត្តអារាមសាសនា ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ខាងមុខ ។

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩និង៩នាទីព្រឹក រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាកេរ្តិ៍មរតក ប្រវត្តិសាស្ត្រសម្រាប់កូនចៅ ជំនាន់ក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយដើម្បីអបអរពិធីជាប្រវត្តិសាស្រ្តនេះ រាជរដ្ឋាភិបាលក៏បានពលរដ្ឋខ្មែរនៅទូទាំងប្រទេស វាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ជាពិសេសបាញ់កាំជ្រូញផងដែរ ។

យោងតាមលិខិត របស់ក្រសួងធម្មការផ្ញើទៅប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្តនៅថ្ងៃទី៨ កក្កដា ក្រសួងបានធ្វើការណែនាំ ឲ្យសហការ ជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនា រៀបចំ វាយគងជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឲ្យបានកងរំពង នៅតាម ទីអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ ឲ្យបានព្រមៗគ្នា ។ ក្នុងនោះ​ត្រូវបង្កលក្ខណៈនៅតាមអារាមសាសនានីមួយៗ ដើម្បីឲ្យបរិស័ទទាំងអស់ បានចូលរួមអបអរសាទរ ឲ្យបានឱឡារិកអធិកអធម ។

សូមជម្រាបជូនថា គម្រោងផ្លូវនាវាចរណ៍នេះ បានទទួលការអនុម័ត គាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថា គម្រោង “ព្រែកជីកហ្វូណនតេជោ” ហើយក្នុងនោះកម្ពុជា បានបំពេញគ្រប់ លក្ខខណ្ឌ រួចរាល់ នូវកាតព្វកិច្ចជូនដំណឹង អំពីគម្រោងនេះទៅគណៈកម្មការទន្លេមេគង្គ (គណៈកម្មការរួម) តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ៕

To Top