ភ្នំពេញ ៖ អ្នកតាមដានបញ្ហាសង្គមកម្ពុជា លោក យង់ ពៅ បានសម្លឹងមើលឃើញ៣ចំណុចធំៗ ដែលនាំឲ្យអតីតមន្រ្តីគណបក្សប្រឆាំងជាច្រើនរូប បាននាំគ្នាមកសុំចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចជាហូរហែរ ក្នុងរយៈពេលចុងក្រោយនេះ ។
លោក យង់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ៩ កក្កដា ថា “ចឹងចូលមកគណបក្សប្រជាជនកម្ពុជាហ្នឹង គឺផ្តល់ឱកាសឲ្យគាត់៣ ដូចដែលខ្ញុំរៀបរាប់គឺទី១-គឺអស់ជំនឿទៅលើការដឹកនាំរបស់ក្រុមគាត់ ហើយបានឲ្យពួកគាត់ចូលរួមជាមួយសង្គមជាតិ , ទី២-មើលឃើញថា គណបក្សប្រឆាំង ប្រឆាំងដើម្បីតែការលេចធ្លោ និងផលប្រយោជន៍តែមេប្រឆាំង និងទី៣-គឺផ្តល់ឱកាសឲ្យខ្លួនឯង មានពេលវេលារកស៊ីទទួលទាន”។
អ្នកតាមដានបញ្ហាសង្គមរូបនេះ ក៏បានពន្យល់ពីចំណុចនីមួយៗថា ១-ពួកគេអស់ជំនឿទៅលើការដឹកនាំ របស់មេបក្សដោយសារតែការប្រឆាំងផ្គាប់មុខ ដូចថ្មីៗនេះ ប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន ដែលនេះជាការប្រឆាំងឲ្យតែលឺសំឡេងប៉ុណ្ណោះ ដូច្នេះពួកគេក៏បានសុំមកជ្រក ក្រោមដំបូលគណបក្សប្រជាជន ដើម្បីបានចូលរួមចំណែកជួយសង្គមជាតិ។ ទី២-ផ្តល់ឱកាសឲ្យខ្លួនឯងចូលរួមស្ថាបនាសង្គម ជាមួយគណបក្សប្រជាជន និងរាជរដ្ឋាភិបាលនូវអ្វីដែលខ្លួនចង់ធ្វើ និងទី៣-ធ្វើឲ្យខ្លួនឯងមានពេលវេលារកស៊ី ទទួលទានដើម្បីបានទទួលទ្រព្យផ្ទាល់ខ្លួន ព្រោះកន្លងមកលេចលឺថា ពួកគេបានយកថវិកាទៅទ្រទ្រង់នៅក្នុង គណបក្សប្រឆាំងដែលពួកគេបានគាំទ្រ ។
សូមបញ្ជាក់ថា ថ្មីៗនេះ នៅតាមបណ្តាញតេឡេក្រាម របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបក្សប្រជាជនកម្ពុជា បានបង្ហាញពីរូបថត និងលិខិតស្នាមផ្សេងៗរបស់ក្រុមសមាជិក គណបក្សប្រឆាំងមួយចំនួន ដែលមកពីគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនជាដើម ដោយបានផ្តាច់ខ្លួនពីគណបក្សទាំងនោះ មកសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយឃើញថា បន្ទាប់ពីសុំចុះចូលជាមួយបក្សកាន់អំណាចហើយ ពួកគេក៏បានថ្កោលទោសទៅលើលោកសម រង្ស៊ីផងដែរ ដែលតែងតែមានគំនិតទុច្ចរិត រារាំងការអភិវឌ្ឍជាតិ ដោយថ្មីៗនេះបានប្រឆាំងនឹង គម្រោងព្រែកជីកហ្វូណនតេជោ ៕