ព័ត៌មានជាតិ

សមាគម២ រៀបចំសិក្ខាសាលា អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាព នៃប្រតិបត្តិការប្រកបដោយចីរភាព

ភ្នំពេញ ៖ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តមួយចំនួន បានផ្តួចផ្តើមរៀបចំសិក្ខាសាលាថ្នាក់តំបន់ចំនួន៤ សម្រាប់ប្រធានសាខាធនាគារ និងមីក្រូហរិញ្ញវត្ថុ «ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃ ប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន»។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមទាំងពីរ បានបញ្ជាក់ថា សិក្ខាសាលាទាំងនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងជូនប្រធានសាខា អំពីការទទួលខុសត្រូវសំខាន់ៗ ក្នុងការធ្វើប្រតិបត្តិការធនាគារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈសំដៅពង្រឹងភាពធន់នៃវិស័យធនាគារនិងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

ថ្លែងសុន្ទរកថាគន្លឹះក្នុងអង្គសិក្ខាសាលាថ្នាក់តំបន់លើកទី១ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា សិក្ខាសាលាថ្នាក់តំបន់នេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការ លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹង ការវិវត្តនៃប្រព័ន្ធធនាគារ ច្បាប់និងបទប្បញ្ញត្តិ ក្រមប្រតិបត្តិ វិធានផ្តល់ឥណទាន គោលការណ៍អភិបាលកិច្ចល្អ និងវិធីសាស្ត្រគ្រប់គ្រងប្រតិបត្តិការនៅតាមសាខា ព្រមទាំងផ្តល់ឱកាសឲ្យសមាគម ក៏ដូចជាគ្រឹះស្ថានអាចស្វែងយល់អំពីបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការ អាជីវកម្មនៅតាមសាខាខេត្ត និងក្រុង/ស្រុកនានា ដើម្បីអាចធានាពីប្រសិទ្ធភាព ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ បរិយាបន្ន ក្រមសីលធម៌វិជ្ជាជីវៈ និងកិច្ចការពារអតិថិជន។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សានៃ សមាគមធនាគារនៅកម្ពុជា បានឲ្យដឹងដែរថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ប្រកបដោយបុរេសកម្ម និងបន្តគាំទ្រការប្រកបអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងលើកកម្ពស់កិច្ចការពារអតិថិជន សមាគមទាំងពីរ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗទៀត ក្រោមការគំាទ្រពីធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន។

លោកស្រី ឌីត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា «ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៣ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចំពោះការរៀបចំសិក្ខាសាលាថ្នាក់តំបន់។ កាលពីឆ្នាំ២០២២ និង ២០២៣ ការរៀបចំគឺផ្តោតទៅលើស្ថាប័ន ដែលជាសមាជិករបស់របស់ សមាគមមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ សិក្ខាសាលារបស់យើងគឺផ្តោតទៅលើ សមាជិកដែលមកពីសមាគមទាំង២ ដោយពង្រឹងទៅលើប្រតិបត្តិការអាជីវកម្ម ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ លើកកម្ពស់កិច្ចការពារអតិថិជន ដើម្បីចូលរួមចំណែកធានាបាន នៅនិរន្តរភាពនិងភាពធន់របស់វិស័យ ស្របតាមយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»។

សូមជម្រាបជូនថា លទ្ធផល និងដំណោះស្រាយសំខាន់ៗមួយចំនួន ដែលទទួលបានពីអង្គសិក្ខាសាលា សមាគមទាំងពីរនឹងយកទៅពិភាក្សាបន្ត ដើម្បីដាក់ចេញជាវិធានការក្នុងការចូលរួម ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ និងការផ្តល់សេវាហិរញ្ញវត្ថុរបស់ គ្រឹះស្ថានប្រកបដោយចីរភាពនិងបរិយាបន្ន និងជាធាតុចូលសម្រាប់ទិសដៅខាងមុខ របស់សមាគមទាំងពីរ៕

To Top