ព័ត៌មានជាតិ

នាយករដ្ឋបាលខេត្តកំពង់ចាម ដឹកនាំប្រជុំដើម្បីពង្រឹងសណ្តាប់ធ្នាប់ ក្នុងកិច្ចលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់

កំពង់ចាម ៖ លោក ឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំស្តីពី ការពង្រឹងសណ្តាប់ធ្នាប់ក្នុងកិច្ចលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលសន្និសីទ សាលាខេត្ត ដោយមានការចូលរួម ពី មេឃ ចៅសង្កាត់ អ្នកទទួលការ និងសមត្ថកិច្ចពាក់ព័ន្ធ ប្រមាណជា ជាង ២០០នាក់ ។

លោក ឃន ប្រុស បានលើកឡើងថា ដោយសារ កន្លងមក ដំណើរការដេញថ្លៃ គម្រោង មូលនិធិ ឃុំ សង្កាត់ ជួបនូវបញ្ហារញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ ខ្វះសេចក្តីថ្លៃថ្នូរ ទើបក្នុងឱកាសនេះ រដ្ឋបាលខេត្ត បានធ្វើការ បើកកិច្ចប្រជុំ ក្នុងគោលបំណង ដើម្បីធ្វើឲ្យការងារនោះ មានសណ្តាប់ធ្នាប់ និងមានសេចក្តីថ្លៃថ្នូរឡើងវិញ សម្រាប់រាល់ដំណើរការដេញថ្លៃគម្រោងមូលនិធិ ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ចាម ។

លោកនាយករដ្ឋបាល បានមានប្រសាសន៍ថា សម្រាប់ក្រុមហ៊ុនអ្នកទទួលការ ត្រូវមកចូលរួមការដេញថ្លៃឱ្យបានទាន់ពេលវេលា តាមការកំណត់ក្នុងសេចក្តីជូនដំណឹង ។ ពេលមកដល់បរិវេណកន្លែងដេញថ្លៃ ត្រូវរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយទៅតាមការរៀបចំ របស់គណៈកម្មការលទ្ធកម្ម ។

ត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ នៃសំណើដេញថ្លៃដែលមានលក្ខណ: សម្បត្តិគ្រប់គ្រាន់មានដូចជាៈ ប័ណ្ណពន្ធប៉ាតង់មានសុពលភាព លិខិតប្រាក់កក់ធានាការដេញដេញថ្លៃក្រមសីលធម៌ និងពាក់ប័ណ្ណសម្គាល់ដែលចេញ ដោយគណៈកម្មការលទ្ធកម្មឃុំ-សង្កាត់ ក្រុង-ស្រុកផងដែរ ។

ទន្ទឹមនឹងនេះ អ្នកទទួលការ មិនត្រូវមានល្បិចកលណាមួយបង្កឱ្យមាន ភាពមិនប្រក្រតីក្នុងដំណើរការនៃការដេញថ្លៃឡើយ ។ ប៉ុន្តែ ត្រូវផ្តល់ឱកាសស្មើៗគ្នាដល់អ្នកទទួលការឯទៀត ដើម្បីចូលរួមក្នុងដំណើរការនេះ ក្រោមលក្ខខ័ណ្ឌត្រឹមត្រូវ និងស្មើភាពគ្នា ។

ម្យ៉ាងទៀត ក្រោយពីបិទបញ្ចប់កិច្ចដំណើរការដេញថ្លៃ និងត្រូវបានប្រកាសរំសាយ អ្នកទទួលការទាំងអស់ និងអ្នកមិនពាក់ព័ន្ធ ត្រូវតែចាកចេញភ្លាមពីបរិវេណដេញថ្លៃ ។

លោក នាយករដ្ឋបាល បានបញ្ជាក់ថា នៅក្នុងពេលរយៈ ១០នាទី នៃអំឡុងពេលដំណើរការទទួលសំណើអ្នកទទួលការ មិនត្រូវចល័តពីកន្លែងមួយ ទៅកន្លែងមួយផ្សេងទៀតឡើយ ត្រូវមកដាក់សំណើម្នាក់ម្ដងៗ តាមលំដាប់លំដោយ និងមានសណ្តាប់ធ្នាប់ និងត្រូវពិនិត្យសំណុំឯកសាររបស់ខ្លួនឱ្យបានច្បាស់លាស់ ចំពោះសំណើដេញថ្លៃ (បិទជិត និងការខ្នងស្រោមសំបុត្រ) មិនត្រូវធ្វើសកម្មភាពរារាំង ប្រទាញគ្នា និងបង្កភាពរញ៉េរញ៉ែនៅក្នុងកំឡុងពេល ១០នាទីនេះ ។ អ្នកទទួលការម្នាក់ មានសិទ្ធិបំពេញសំណើដេញថ្លៃ បានតែមួយប៉ុណ្ណោះក្នុងមួយកិច្ចសន្យា ក្នុងករណីអ្នកទទួលការទាំងឡាយណា មិនគោរព ហើយបំពានល្មើសទៅនឹងលក្ខខ័ណ្ឌខាងលើរដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមនីតិវិធីដោយដាក់ ក្រុមហ៊ុននោះទៅក្នុងបញ្ជីខ្មៅជារៀងរហូត ៕

To Top