តូក្យូ៖ ប្រទេសជប៉ុន និងហ្វីលីពីន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងការពារទ្វេភាគី ដើម្បីជួយសម្រួលដល់សមយុទ្ធរួមគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ សន្តិសុខកាន់តែជិតស្និទ្ធ ចំពេលមានការអះអាងកាន់តែខ្លាំងឡើង របស់ប្រទេសចិននៅក្នុងដែនទឹកក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចូលដំណើរការទៅវិញទៅមក នៅទីក្រុងម៉ានីល។ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ បន្ទាប់ពីជំនួបរបស់លោកជាមួយលោកស្រី Kamikawa និងរដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru Kihara។
ក្រោយមកនៅថ្ងៃនោះ ប្រទេសទាំងពីរបានបង្ហាញ “ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏គ្រោះថ្នាក់ និងកើនឡើងដោយមហាអំណាចចិន” នៅសមុទ្រចិនខាងត្បូង នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចពិភាក្សាសន្តិសុខ “ពីរបូកពីរ” របស់ពួកគេ ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ពួកគេ។
នៅឯការជួបជុំនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo, លោក Teodoro, លោកស្រី Kamikawa និងលោក Kihara ក៏បានឲ្យដឹងថា កិច្ចសហការយ៉ាងជិតស្និទ្ធបួនជ្រុង របស់ពួកគេជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី គឺជាគន្លឹះដើម្បី “លើកកម្ពស់ចក្ខុវិស័យរួមគ្នាសម្រាប់ ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ”។
កិច្ចព្រមព្រៀងសន្ដិសុខ ដំបូងរបស់ប្រទេសជប៉ុន ដែលមានសមាជិកនៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍នឹងបន្ធូរបន្ថយ ការរឹតបន្តឹងលើការផ្ទេរបុគ្គលិករវាង កងកម្លាំងស្វ័យការពារជប៉ុន និងយោធាហ្វីលីពីនសម្រាប់សមយុទ្ធរួមគ្នា និងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ នៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមក៕
ប្រែសម្រួល ឈូក បូរ៉ា