ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញអង្ករបានចំនួន ៣៣៨ ៦៥៤ តោន ទទួលបានទឹកប្រាក់ចំនួនជាង២៤៧ លានដុល្លារ និងនាំចេញស្រូវជាង ២ ៥២៨ ០១១តោន ទទួលបានទឹកប្រាក់ជាង៧២៧លានដុល្លារ។
បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជានាថ្ងៃ៩ កក្កដា បានឲ្យដឹងថា ក្នុងចំណោមអង្ករជាង ៣៣ម៉ឺនតោននេះ ត្រូវបាននាំចេញ តាមរយៈក្រុមហ៊ុនចំនួន ៥១ក្រុមហ៊ុន ទៅកាន់៦៣គោលដៅ ក្នុងនោះនាំទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបចំនួន២៦ប្រទេស មានចំនួន ១៥៦ ៧៨៩ តោន គិតជាទឹកប្រាក់ចំនួន ១២១.៣២ លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួន ៧៥ ៣៩៨ តោន គិតជាទឹកប្រាក់ចំនួន ៤៧.០១ លានដុល្លារ ,ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេស បានចំនួន ៧៤ ៥៥៤ តោន គិតជាទឹកប្រាក់ចំនួន ៥១.៨៥លានដុល្លារ និងទៅកាន់គោលដៅ២៧ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ៣១ ៩១៣ តោន គិតជាទឹកប្រាក់ចំនួន ២៧.៤២ លានដុល្លារ។
ចំពោះប្រភេទអង្ករ ដែលបាននាំចេញរួមមាន ៖ អង្ករក្រអូបចំនួន ៧០.៦៣% ប្រភេទអង្ករស ធម្មតា ២៥.០៧% អង្ករចំហ៊ុយ ២.៥៧% អង្ករសរីរាង្គចំនួន ១.៤៨% និងអង្ករផ្សេងៗចំនួន ០.២៥% ។
ជាមួយគ្នានោះដែរ កម្ពុជាក៏នាំចេញស្រូវបានចំនួន ២,៥២៨,០១១តោន ទទួលបានទឹកប្រាក់ប្រមាណជាង ៧២៧.៣៦លានដុល្លារ ដែលក្នុងនោះ ៧៥% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕