ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈ យោគយល់គ្នា ជាមួយលោក FUKUHARA KOJI ប្រធាន នៃសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើការចុះកម្មសិក្សា ក្នុងគោលបំណងគាំទ្រ លើការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ។

ការចុះអនុស្សរណៈដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងក្នុងការបង្កើន កិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាល ជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញ ក្នុងទិសដៅដើម្បីបង្កើនផលិតភាពការងារ ដល់កម្លាំងពលកម្មដែលជាយុវជនពេញកម្លាំង របស់កម្ពុជា រួមទាំងយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីអាចទទួលបានការងារ ដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។

កិច្ចសហប្រត្តិបត្តិការ រវាងភាគីទាំងពីរនេះ ក៏នឹងផ្តល់វិសាលភាព ធំទូលាយ លើការអភិវឌ្ឍ ធនធានមនុស្ស លើគ្រប់វិស័យ ដោយនឹងផ្តោត លើសកម្មភាពសំខាន់ៗ ដូចជាការធ្វើសិក្ខាសាលា ការចុះកម្មសិក្សា របស់សិក្ខាកាម នៃវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសកម្មភាពសំខាន់ៗផ្សេងទៀត ដែលជាគុណប្រយោជន៍ សម្រាប់ការពង្រឹងសមត្ថភាព ផលិតភាពដើម្បីបម្រើទីផ្សារការងារនៅកម្ពុជា។

លោក FUKUHARA KOJI ប្រធាន នៃសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) បានលើកឡើងថា ការចុះអនុស្សរណៈនេះ នឹងបើកផ្លូវឱ្យមានការចុះកម្មសិក្សា ពីសិក្ខាកាមជំនាញនៅក្រុមហ៊ុនជប៉ុន ដែលមានវត្តមាននៅកម្ពុជាដែលជាយន្តការពង្រឹងសមត្ថភាព និងការក្របជញ្ជក់ចំណេះជំនាញពីក្រុមហ៊ុនជប៉ុន។

ថ្លែងទៅកាន់អង្គពិធី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការចុះកម្មសិក្សានេះ គឺមិនត្រឹមតែជាការ បណ្តុះបណ្តាល សមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរៀនសូត្រពីបរិយាកាសក្នុងកន្លែងការងារបន្ទាប់ពីកាសិក្សាក្នុងសាលាផងដែរ។ ក្រៅពីនេះ លោករដ្ឋមន្ត្រី បានជំរុញឱ្យសហគ្រិនជប៉ុន បញ្ជូនបុគ្គលិកចូលវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដើម្បីបង្កើនផលិតភាពការងារ ជាមួយនឹងកាលវិភាគ ដែលមានភាពបត់បែន ក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ ។

ការចុះអនុស្សរណៈរវាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុននាពេលនេះ គឺជាការចុះអនុស្សរណៈថ្មីមួយ បន្ថែមទៀតបន្ទាប់ពីក្រសួងការងារ បានចុះអនុស្សរណៈ ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន ១៧ស្ថាប័នកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដើម្បីផ្តល់ឱកាសយុវជនកម្ពុជា ដែលបានសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ អាចចូលធ្វើការ ដើម្បីដកស្រង់បទពិសោធន៍ ជាក់ស្តែងបានដោយពិតប្រាកដ ៕






