ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺព័ត៍មាន ពាក់ព័ន្ធករណីនារី ជនជាតិឡាវ លោតពីលើអគារ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ទី០៩​ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៍មាន ពាក់ព័ន្ធករណីនារីជនជាតិឡាវ លោតពីលើអគារ។

ប្រភពពដដែលបន្តថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨ និង ៣០ នាទីព្រឹក មានករណី ស្ត្រីជនបរទេស ម្នាក់ប៉ុនប៉ងលោតពីលើអគារ ផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានជួយសង្គ្រោះស្ត្រីខាងលើ ដែលជាជនបរទេសនោះ ទាន់ពេលវេលាដោយសុវត្ថិភាព មិនមានការរងរបួសអ្វីទេ ។

 ជនបរទេសនោះឈ្មោះ DOUANGMALA PIK ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់លិខិតឆ្លងដែនលេខ P2563131 ។

ស្នងការដ្ឋាន បន្តថា តាមការសួរនាំ និងស្រាវជ្រាវ គឺឈ្មោះ DOUANGMALA PIK ប៉ុនប៉ងលោតពីលើអគារ គឺដោយសារខ្លួនមានជំងឺបាក់ទឹកចិត្ត ហើយគាត់បានប្រើថ្នាំរំងាប់អារម្មណ៍ច្រើនហួសកំរិត ទើបធ្វើឲ្យគាត់បាត់បង់ស្មារតី បាត់បង់សតិ គ្រប់គ្រងខ្លួនឯងមិនបាន គឺបានឡើងលើបង្អួចបន្ទប់របស់ខ្លួន លេខ ៨៧០៣ ជាន់ទី៧ ចុះតាមខ្សែទុយោម៉ាស៊ីត្រជាក់ លោតចុះទើរលើដំបូលផ្ទះប្រជាពលរដ្ឋ ហើយខ្លួនបានបញ្ជាក់ថា គាត់ពុំមានបំណងចង់លេបថ្នាំ និងចង់ប៉ុនប៉ងលោតពីលើអគារសម្លាប់ខ្លួនទេនោះទេ ដោយសារខ្លួនបាត់បង់ស្មាតី គ្រប់គ្រងខ្លួនឯងពុំបាន។

ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានធ្វើតេស្តស្វែករកសារធាតុញៀន លើស្ត្រីខាងលើ បានរកឃើញវិជ្ជមានសារធាតុញៀន បច្ចុប្បន្ន សមត្ថកិច្ច កំពុងបន្តនីតិវិធី៕

To Top