ព័ត៌មានជាតិ

កម្មវិធី១.៥លាន ៖ យុវតីសៅ យ៉ារ៉េត មិននឹកស្មានថា អ្នកបោះបង់ការសិក្សាចោល តាំងពីក្មេង អាចមានឱកាស រៀនជំនាញបានដែរ

ភ្នំពេញ ៖ កញ្ញា សៅ យ៉ារ៉េត សិក្ខាកាមកំពុងសិក្សាក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជា និងបច្ចេកទេស» នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជំនាញរចនាក្រាហ្វិក ដោយកុំព្យទ័រ បានបង្ហាញ ការសប្បាយចិត្ត ពេលបានចូលរៀនជំនាញមួយនេះ ដោយកញ្ញាមិននឹកស្មានថា អ្នកបោះបង់ការសិក្សាចោល តាំងពីក្មេង អាយុច្រើន ហើយ ក៏នៅតែអាចចូលរៀនជំនាញបានដែរ។

កញ្ញានិយាយថា៖«ខ្ញុំរំភើបចិត្ត ព្រោះអត់នឹកស្មានថា មានសាលាបង្រៀនអត់យកលុយ ហើយយើងឈប់រៀនច្រើនឆ្នាំ ដប់ម្ភៃឆ្នាំក៏អាចចូលរៀនបាន អាយុច្រើនក៏អាចចូលរៀនបាន ។ ហើយខ្ញុំសង្ឃឹមថា ខំរៀនទៅនឹងមានសមត្ថភាព ធ្វើការរកលុយដោយមិនប្រើកម្លាំងដូចគេ»។

សិក្ខាកាមរូបនេះប្រាប់ថា អ្នកដែលបានឈប់រៀនច្រើនឆ្នាំ និង អត់មានលុយរៀនបន្តជាដើម កុំមានការព្រួយបារម្ភ អាចទៅចុះឈ្មោះចូលរៀនក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជា និងបច្ចេកទេស» ដោយឥគិតថ្លៃបាន ។ បរិយាកាសនៃការសិក្សារៀនសូត្រមានផាសុខភាពល្អ គ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យឆាប់យល់ឆាប់ចេះ និងមានទំនុកចិត្ត។

កញ្ញាប្រាប់បន្ថែមថា ការរៀនជំនាញ កុំមានការបារម្ភថា ខ្លួនមិនចេះហើយរៀនមិនទាន់គេនោះ ព្រោះគ្រូបង្រៀន មានវិធីសាស្ត្រពន្យល់ ឱ្យសិស្សចាប់បានចំណេះជំនាញតាំងពីដំបូង ដូចៗគ្នា ។ ជាមួយគ្នានេះ កញ្ញាក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដទៃទៀត ដែលគ្មានលទ្ធភាពបន្តការសិក្សា ឬបានបោះបង់ចោលការសិក្សាច្រើនឆ្នាំ ទោះមានអាយុច្រើនក៏ដោយ អាចស្វែងរកការចុះឈ្មោះចូលរៀននៅតាមសាលាបង្រៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទូទាំងរាជធានីខេត្ត ។

បើតាមការលើកឡើងរបស់ កញ្ញា សៅ យ៉ារ៉េត ស្របពេលប្រទេសជាតិ កំពុងតែមានការអភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏មិនត្រូវនៅស្ងៀមដែរ គួរតែធ្វើការអភិវឌ្ឍខ្លួនធ្វើយ៉ាងណាឱ្យដើរ ទាន់សម័យកាល យ៉ាងហោចណាស់ក៏ត្រូវមានចំណេះជំនាញ១ពិតប្រាកដក្នុងជីវិត ដែលអាចទៅធ្វើការងារ បាននៅគ្រប់ទីកន្លែង ៕

To Top