ភ្នំពេញ៖ យ៉ាងហោចណាស់ដើមកៅស៊ូប្រមាណជាង ២ហិកតាដី ស្ថិតនៅក្នុងចម្ការកៅស៊ូមួយកន្លែងនៅក្នុងភូមិ មាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានក្រុមក្មេងទំនើងមួយក្រុមមិនខ្លាចច្បាប់លួចចូលទៅកាប់លក់យ៉ាងអានាធិបតេយ្យ ខណៈអាជ្ញាធរមូលដ្ឋានទៀតសោតហាក់មិនមានចំណាត់ការលើទង្វើចោរកម្មនេះ។
ក្រុមក្មេងទំនើងទាំងនោះត្រូវបានអជ្ញាធរមូលដ្ឋានអះអាងកាលពីពេលថ្មីៗនេះថា មានឈ្មោះ វង សុខសីលា កើតនៅថ្ងៃទី១ ខែ១២ ឆ្នាំ១៩៩៣ នៅខេត្តព្រៃវែង។ ជនឈ្មោះវង សុខសីលា នេះបានចូលទៅកាប់បំផ្លាញដើមកៅស៊ូនៅក្នុងទីតាំងចម្ការខាងលើចំនួន២លើក ខណៈលើកទីមួយបានកាប់លក់អស់ប្រមាណ ១ហិកតានិងលើទីពីរប្រមាណពីហិកតាថែមទៀត។
ជុំវិញបញ្ហាចោរកម្មកាប់កៅលក់យ៉ាងគគ្លើននេះ ម្ចាស់កៅស៊ូបានដាក់ពាក្យប្តឹងទៅតុលាកាខេត្តក្រចេះរួចហើយ។ ហើយតុលាការបានកោះហៅចំនួនពីរលើក។ ប៉ុន្តែបុគ្គលឈ្មោះ វង សុខសីលា មិនបានចូលខ្លួនតាមកោះហៅតុលាការនោះទេ។ ហើយតុលាការខេត្តក្រចេះ បានបញ្ជូនសុំណុំរឿងនេះ ទៅកាន់ចៅក្រមស៊ើបដើម្បីបន្តនិតីវិធី។
ទាក់ទងទៅនឹងការលួចកាប់កៅស៊ូនេះ លោកធូ យូលី មេឃុំ ឃុំ ស្រែចារ ប្រាប់សារព័ត៌មានដើមអំពិលតាមទូរស័ព្ទនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ ថា លោក ទទួលបានព័ត៌មានពីមេភូមិមាក់កណ្តាល ពីករណីកាប់ដើមកៅស៊ូនៅក្នុងទីតាំងចម្ការខាងលើនេះដែរចំនួន ២ លើកក្នុងមួយលើកៗប្រមាណ១ហិកតា ប៉ុន្តែលោកមិនហ៊ានលូកដៃចូលទៅហាមប្រាមនោះទេ ព្រោះទីតាំងដីនេះ កំពុងមានទំនាស់និងស្ថិតនៅក្នុងចំណាត់ការបស់តុលាការ។
លោក ធូ យូលី បានសង្កត់ធ្ងន់ទៀតថា លោកមានកាតព្វកិច្ចក្នុងការសហការជាមួយតុលាការប៉ុណ្ណោះ ដើម្បីធ្វើកិច្ចការការងារខាងលើនេះ។ លើសពីនេះលោកមិនហ៊ាននោះទេ ។
ទាក់ទិននឹងបញ្ហានេះដែរ លោក មេភូមិមាក់កណ្តាល បានទទួលស្គាល់ដែរថាក្រុមក្មេងទំនើងទាំងនោះ បានចូលកាប់ដើមកៅស៊ូនៅទីតាំងដីខាងលើនេះម្តងរួចមកហើយ និងក្រោយមកទៀតបានចូលទៅកាប់ម្តងទៀត ប៉ុន្តែមិនប្រាកដថា អ្នកទាំងនោះ ជាម្ចាស់ដី ឬយ៉ាងណាទេ។ ដោយសារលោកមិនស្គាល់ម្ចាស់ចំការកៅស៊ូ ព្រោះម្ចាស់នៅទីក្រុងភ្នំពេញ។ ទាក់នឹងវិធានការទប់ស្កាត់កុំឱ្យមានការបន្តដសកាប់បំផ្លាញដើមកៅស៊ូបន្តទៀត លោកហ៊ឹងវិន មេភូមិរូបនេះឆ្លើយយករួចខ្លួនថា ៖«ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំមិនដឹងថាអ្នកណាមួយជាម្ចាស់ឱ្យពិតប្រាកដទេ»។
ដោយឡែក លោកដុំ អ៊ី មេប៉ុស្តិ៍ឃុំស្រែចារ ប្រាប់ថា លោក បានទទួលការណែនាំពីរដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ បានចុះពិនិត្យមើលឃើញមានការកាប់បំផ្លាញដើមកៅស៊ូពិតមែនហើយក្រុមក្មេងទំនើងទំាងនោះ ក៏បានបញ្ឈប់សកភាពកាប់ភ្លាមៗកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤។
ជាមួយគ្នា លោក ក៏មិនបានធ្វើការឃាត់ខ្លួន ហាមប្រាមដល់ជនដែលបានកាប់បំផ្លាញទាំងនោះដែរ ព្រោះលោកមិនទទួលបានការបញ្ជាពីរដ្ឋបាលស្រុកស្នួល។
លោក ថ្លែងថា៖«គាត់ប្រាប់ថា (រដ្ឋបាលស្រុក) បើគាត់ឱ្យឃាត់ចាំឃាត់ បើមិនមានការប្រាប់ទេ បងនៅឱ្យស្ងៀមសិនទៅ។ គាត់ប្រាប់អីចឹង»។
ជុំវិញការកាប់បំផ្លាញកៅស៊ូនេះ ម្ចាស់កម្មសិទ្ធិនៃអចលទ្រព្យដែលជាម្ចាស់ចំការកៅស៊ូ បានបញ្ជាក់ថា លោកបានឱ្យមេធាវី ដាក់ប្តឹងពីបទចោរកម្មនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជរួចហើយ។ ហើយតុលាការបានចេញដីការកោះហៅពីរហៅដងរួចហើយ ប៉ុន្តែបុគ្គល វង សុខសីលា មិនបានចូលខ្លួនតាមកោះហៅរបស់តុលាការនោះទេ។ ម្ចាស់ចំការកៅស៊ូ “ខ្ញុំស្នើសុំឱ្យតុលាការ និងអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ការកាប់បំផ្លាញទ្រព្យសម្បត្តិរបស់ខ្ញុំ។ ហើយអាជ្ញាធរត្រូវតែចាប់បុគ្គលរូបនេះ ដាក់ទោសតាមច្បាប់កំណត់និងមិនអាចបណ្តែបណ្តោយឱ្យចោររួចខ្លួនបែបនេះនោះទេ”៕