ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ជូនចំពោះលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃទិវាបុណ្យជាតិបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
តាមរយៈសារលិខិតផ្ញើជូន លោក Gérard Larcher សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចមានក្តីសោមន្សរីករាយ នូវការអបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសនៃទិវាបុណ្យជាតិបារាំងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ។
សម្ដេចបន្តថា ការប្រារព្ធពិធីបង្រួបបង្រួមជាតិរបស់បារាំង បានដក់ជាប់ក្នុងដួងចិត្ត របស់ប្រជាជនកម្ពុជាដែល ទទួលបាននូវការគាំទ្រយ៉ាងមុតមាំ នៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ ដែលបានអនុញ្ញាតឱ្យចាប់ផ្តើម ធ្វើដំណើរលើផ្លូវឆ្ពោះទៅរក ការបង្រួបបង្រួមជាតិរបស់ខ្លួន។
សម្ដេចនៅចងចាំអនុស្សាវរីយ៍ដ៏ល្អ ដែលបានជួបនិងផ្លាស់ប្តូរ យោបល់ជាមួយ លោក Gérard Larcher នៅលើវេទិកាប្រធានាធិបតី នៃពិធីដង្ហែក្បួនព្យុហយាត្រាដ៏អស្ចារ្យ នាទិវាបុណ្យជាតិ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប៉ារីស។
សម្ដេចតេជោសម្តែងនូវក្តីសង្ឃឹមយ៉ាងកក់ក្តៅចំពោះជោគជ័យដ៏ធំធេង សម្រាប់ព្រឹទ្ធសភាបារាំង និង សម្រាប់ប្រទេសបារាំង ព្រមទាំងសម្តែងនូវអំណរគុណ និងការពេញចិត្តជាខ្លាំងរបស់សម្ដេច ចំពោះ កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា របស់យើងទាំងពីរ៕