កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី រួមទាំងព្រះសង្ឃផង នៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ បាននិមន្ត និង អញ្ជើញ ចុះប្រគល់ផ្ទះ មនុស្សធម៌ចំនួន ២ ខ្នង ជូនដល់ចាស់ជរាទុរគត ដោយ ១ខ្នង ជូនទៅលោកយាយ ឈ្មោះសែ យ៉េក អាយុ ៧២ឆ្នាំ និងផ្ទះ ១ខ្នងទៀត ជូនលោកយាយ អោម ស៊ីផា អាយុ ៦៣ឆ្នាំ ស្ថិតនៅភូមិទី ២ ឃុំកោះសូទិន ស្រុកកោះសូទិន ។

នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា ដោយសារជីវភាពក្រខ្សត់របស់ដូនចាស់ជរាទាំង ២រូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅ និងតាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណស្រុក និងដោយ មើលឃើញពីស្ថានភាពលំបាកនេះហើយ ទើប លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះសម្រាប់ពួកគាត់ទាំងពីរនាក់ ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។

ជាមួយគ្នានោះ ដើម្បីជួយសម្រាលជីវភាពរស់នៅ របស់ពួកគាត់ទាំងពីរនាក់ ដោយម្ចាស់ផ្ទះម្នាក់ទទួលបាន សម្ភារ: គ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ ៕
