ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋដល់ លោក គង់ បុរាណ ត្រូវជាកូនប្រុសបង្កើត លោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែង ដ៏ល្បីល្បាញរបស់កម្ពុជា។

ការផ្ដល់ក្របខ័ណ្ឌនេះ បន្ទាប់ពីហ្វេសប៊ុកមួយឈ្មោះ Boran Kong ដែលគេស្គាល់ថា ជាកូនប្រុសបង្កើតរបស់លោកតាគង់ ណៃបានសរសេរថា «ខ្ញុំបាទឈ្មោះ គង់ បុរាណ កូនប្រុសតែម្នាក់គត់ក្នុងចំណោមបងប្អូន ១០នាក់ ដែលបានបន្តវេនចាប៉ីពីលោកឪពុក គង់ ណៃ តែសព្វថ្ងៃខ្ញុំមិនទាន់មានក្របខណ្ឌរដ្ឋនៅឡើយទេ ខ្ញុំចង់បាន ក្របខណ្ឌរដ្ឋមួយកន្លែងដើម្បីជួយបម្រើរដ្ឋ ដូចពុកខ្ញុំ និងជីវភាពសម្រាប់ថ្ងៃខាងមុខ។ ដូច្នេះសូមពុកម៉ែបងប្អូនអ៊ុំយាយតាជួយស៊ែរផង ក្រែងដំណឹងនេះ ជ្រាបដល់ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលលោកជ្រាប សូមអរគុណ និងអរព្រះគុណ»។

ក្រោយឃើញបែបនេះ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១១ កក្កដា សម្ដេចធិបតីបញ្ជាក់ត្រឡប់ទៅវិញថា «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន ។ ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។ សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ»។

សូមរំលឹកថា ការស្នើរបស់កូនប្រុសលោកតា គង់ ណៃ នេះ ក៏ធ្វើឡើងបន្ទាប់ពីព្រឹទ្ធាចារ្យចាប៉ីដងវែង ដែលត្រូវជាឪពុកជាធនធានសិល្បៈដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី២៨ មិថុនា នៅឯស្រុកកំណើត ក្នុងជន្មាយុ ៨០ឆ្នាំ ៕
