ភ្នំពេញ ៖ ដោយមានការដឹកនាំ ដោយព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង ខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយមន្រ្តីជំនាញគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល នាថ្ងៃទី១០ ខែកក្កដា បានចុះត្រួតពិនិត្យគុណភាព សាច់បង្កកដែលនាំចូល ពីប្រទេសជិតខាង តាមរយៈរថយន្ត៥គ្រឿងមានផ្ទុកសាច់បង្កកចម្រុះដូចជា ចុងស្លាបមាន់ និងគល់ស្លាបមាន់ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម ។
ជាលទ្ធផល មន្ត្រីជំនាញ ក.ប.ប. បានពិនិត្យឃើញថា សាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដែលមានចែងជាធរមាន ។
ដោយមានការយល់ព្រមពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. និងការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បានធ្វើការដុតកម្ទេច ចោលសាច់បង្កកទាំងនោះតាមនីតិវិធី ។ រីឯម្ចាស់រថយន្ត និងអ្នកនាំចូលត្រូវ បានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បន្តអនុវត្តតាមនីតិវិធីគយនិងរដ្ឋាករ ៕