ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា នាពេលខ្លីខាងមុខនេះ ក្រសួងបរិស្ថាន នឹងដាក់ចេញនូវយុទ្ធនាការជំហានទី៣ នោះគឺ «ការទុកដាក់ និងការញែកសំរាម» ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា ទទួលបានភាពស្អាតតាមដងវីថី និងតាមទីសាធារណៈគ្មានសំរាម ជាពិសេសសំរាមប្លាស្ទិក នៅឆ្នាំ២០២៥។

ក្នុងពិធីបើក ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅថ្ងៃ១០ កក្កដា លោករដ្ឋមន្រ្តីមានប្រសាសន៍ថា យុទ្ធនាការដែលក្រសួងនឹងដាក់ចេញនេះ នឹងចាប់ផ្ដើមឡើងជាមួយសិស្សានុសិស្ស កម្មករ និងកម្មការិនី ដើម្បីបណ្ដុះពន្លកនៃភាពស្អាតក្នុងផ្នត់គំនិតរបស់ពួកគាត់ ដើម្បីភាពស្អាតដែលនឹងទទួលបានសម្រាប់រយៈពេលវែង។ កាលបើសិស្សានុសិស្ស យុវជន កម្មករ និងកម្មការិនី ឈប់ប្រើ ឬកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកហើយ កូនគាត់ ចៅគាត់ ក៏ឈប់ប្រើថង់ប្លាស្ទិកជាច្រើនជំនាន់តរៀងទៅ។

លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «សរសរស្ដម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាតដែលសំដៅធ្វើយ៉ាងណាឲ្យផ្ទះរបស់យើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់ស្រាយស្អាត មានសណ្តាប់ធ្នាប់ល្អទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ។ កាលបើផ្ទះយើង ឬប្រទេសយើងមិនមានភាពស្អាត ពោរពេញដោយសំរាមពាសវាលពាសកាល ច្បាស់ណាស់ថា ប្រជាពលរដ្ឋ មិនមានសុខុមាលភាព ហើយក៏មិនមានភ្ញៀវណាម្នាក់ចង់មកលេងផ្ទះយើង ឬប្រទេសយើងនោះដែរ»។
ក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំនិងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានរៀបចំឡើងយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន បានដាក់ចេញយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក។ ជាលទ្ធផលរហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៨,៥លានអង្គ/នាក់។
លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «បន្ទាប់ពីបានទទួលបានជោគជ័យពីយុទ្ធនាការនេះ ដែលជាយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាមប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ»។
យុទ្ធនាការនេះ កំពុងទទួលបានជោគជ័យគួរជាទីមោទក ដោយរយៈពេលត្រឹមតែជិត២ខែតែប៉ុណ្ណោះ បានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមចំនួន ៣៨៥ឃុំ/សង្កាត់ ៧៦ក្រុង/ស្រុក/ខណ្ឌ និង១៦រាជធានី/ខេត្ត៕
