ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានជំនឿមុតមាំថា កម្ពុជានឹងមានអនាគតដ៏ត្រចះត្រចង់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ហើយអាចកសាងកម្ពុជាទៅជាប្រទេស ដែលមិនត្រឹមតែពោរពេញទៅដោយ វិបុលភាពប៉ុណ្ណោះនោះទេ tEថែមទាំងជាសង្គមដែលមានភាពធន់ និងមានសមធម៌។
តាមរយៈសារលិខិតរបស់សម្តេចធិបតី ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៥ អបអរសាទរខួប ៣០ឆ្នាំ នៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប ៣០ឆ្នាំ នៃសន្និសីទអន្តរជាតិស្តីពី ប្រជាជននិងអភិវឌ្ឍន៍ នៅថ្ងៃទី១១ កក្កដា បានឲ្យដឹងថា ទិវាប្រជាជនពិភពលោកឆ្នាំនេះ គឺជាវេទិកា និងការប្តេជ្ញាចិត្តក្នុងការផ្តល់អាទិភាព និងពង្រីកកិច្ចខិតខំប្រឹងប្រែង ឲ្យទៅដល់គ្រប់ទីកន្លែងនៃកម្ពុជា ហើយប្រជាជនគ្រប់រូបត្រូវបានរាប់បញ្ចូល និងចូលរួមគ្រប់សកម្មភាពនៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្ដេចធិបតីបញ្ជាក់ពីការប្តេជ្ញាអភិវឌ្ឍន៍ គោលនយោបាយនានាដែលឈរលើមូលដ្ឋានទិន្នន័យ និងប្រើប្រាស់ព័ត៌មាននៃទិន្នន័យ និងមូលដ្ឋានភស្តុតាង តាមរយៈការលើកកម្ពស់វប្បធម៌ នវានុវត្តន៍ និងឌីជីថលភាវូបនីយកម្មក្នុងការវិភាគទិន្នន័យ និងការបង្ហាញទិន្នន័យ ដើម្បីបំប្លែងទិន្នន័យទៅជា ចំណេះដឹងនិងសកម្មភាពដែលនាំទៅដល់វឌ្ឍនភាព។
សម្ដេចធិបតីបន្ដថា កិច្ចការនេះអាចសម្រេចបាន លុះត្រាមានកិច្ចសហការ និងភាពជាដៃគូជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីទាញយកប្រយោជន៍ពីចំណេះនិងជំនាញរបស់ពួកគេ ដើម្បីប្រើប្រាស់ទិន្នន័យ ប្រកបដោយប្រសិទ្ធភាពដែលជា មូលដ្ឋានក្នុងការសម្រេចចិត្តធ្វើការវិនិយោគ ក្នុងការរៀបចំនិងអនុវត្តកម្មវិធីសង្គម និងក្នុងការរៀបចំវិធានបរិស្ថាន ដោយធានាថា គំនិតផ្តួចផ្តើមទាំងនេះស្រប ទៅនឹងតម្រូវការរបស់កម្ពុជា។
សម្ដេចធិបតីគូសបញ្ជាក់ថា «ក្នុងនាមប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំមានជំនឿមុតមាំថា កម្ពុជានឹងមានអនាគតដ៏ត្រចះត្រចង់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ តាមរយៈការទាញយកប្រយោជន៍ ពីអានុភាពនៃទិន្នន័យ យើងនឹងអាចកសាងកម្ពុជាទៅជាប្រទេស ដែលមិនត្រឹមតែពោរពេញទៅដោយ វិបុលភាពប៉ុណ្ណោះនោះទេ ថែមទាំងជាសង្គមដែលមានភាពធន់និងមានសមធម៌។ ប្រទេសកម្ពុជាដែលប្រជាពលរដ្ឋគ្រប់រូប ត្រូវបានផ្តល់នូវតម្លៃនិងសិទ្ធិ ជាប្រទេសដែលមានឱកាសដើម្បីអភិវឌ្ឍន៍។ ក្នុងន័យនេះ ចូរយើងបន្តដំណើរជាមួយគ្នា និងរួបរួមគ្នាដោយគោលបំណងរួមមួយរបស់យើង គឺការកសាងប្រទេសកម្ពុជាដែលរឹងមាំ និងប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា»។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបានចូលរួមគាំទ្រ និងរួមចំណែកជាមួយ នឹងរាជរដ្ឋាភិបាលនាពេលកន្លងមក ក្នុងការកសាង និងថែរក្សាសន្តិភាព និងសមិទ្ធផល នៃការអភិវឌ្ឍនានា៕