ព័ត៌មានជាតិ

លោក ប៉ែន បូណា ស្នើឲ្យបុគ្គលមួយចំនួន​ បញ្ឈប់ធ្វើអាជីវកម្ម លើសពបណ្ឌិតកែម ឡី

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានស្នើទៅកាន់បុគ្គលមួយចំនួន ដែលអះអាងខ្លួនឯងថា ជាអ្នកកែម ឡី និយម បញ្ឈប់សកម្មភាព យកសពលោកបណ្ឌិត កែម ឡី ធ្វើអាជីវកម្មបន្តទៀត ដោយទុកឲ្យវិញ្ញាណក្ខន្ធ លោកបណ្ឌិតបានស្ងប់សុខផង។

ការលើកឡើងរបស់ប៉ែន បូណាធ្វើឡើង បន្ទាប់ពីវិទ្យុបរទេស មួយចំនួន ក្រុមប្រឆាំងទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងក្រុមអង្គការសង្គមស៊ីវិល បានធ្វើសកម្មភាពនានា នៅក្នុងខួប៨ឆ្នាំ នៃបុណ្យសពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃ១០ កក្កដា ដោយមានការលើកពីស្នាដៃរបស់លោក បណ្ឌិតក្នុងន័យធ្វើអាជីវកម្មចំពោះមរណភាព របស់លោកបណ្ឌិត និងការទាមទារយុត្តិធម៌ឲ្យគាត់ផងដែរ ខណៈឃាតក ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ។

លោក ប៉ែន បូណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១១​កក្កដា ក្រោយ១ថ្ងៃ នៃខួប៨ឆ្នាំ របស់លោកបណ្ឌិតកែម ឡីថា ក្នុងរយៈពេលប៉ុន្មាន ថ្ងៃកន្លងមកនេះ ក្រុមគ្រួសារសព របស់លោកបណ្ឌិត បានអំពាវនាវ ទៅកាន់មនុស្សមួយចំនួន កុំយកឈ្មោះសពលោកបណ្ឌិតកែម ឡី ទៅកេងចំណេញ នយោបាយ និងចំណេញអ្វីផ្សេងទៀត ដោយទុកឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិត បានស្ងប់សុខទៅកាន់សុគតិភព។

លោកថា ដូច្នេះអ្នកឆ្លៀតឱកាសទាំងនោះ គួរតែគោរពតាមការស្នើសុំ របស់ក្រុមគ្រួសារសពលោកបណ្ឌិតផង។

អ្នកនាំពាក្យបន្តថា ម្យ៉ាងទៀត ឃាតក ឈ្មោះអឿ អាត ដែលមានរហស្សនាមជួប សម្លាប់ ក៏បានសារភាពពីទោសកំហុស ហើយត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារពេញមួយជីវិតដែរ ។

លោកប៉ែន បូណា គូសបញ្ជាក់ថា “អីចឹងគួរតែនាំគ្នាបញ្ចប់ ការធ្វើអាជីវកម្មទៅលើសាកសពបណ្ឌិតកែម ឡីនេះតទៅទៀត ព្រោះគ្មានអ្នកណាដឹងរឿង ជាងក្រុមគ្រួសាររបស់គាត់ផ្ទាល់ទេ”

ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានរំលឹកថា កាលពីលោកបណ្ឌិតកែម ឡី បានទទួលមរណភាពភ្លាមៗ ក៏មនុស្សជាច្រើននាំគ្នា ធ្វើអាជីវកម្មលើសពលោកបណ្ឌិតផងដែរ តាមរយៈការរៃអង្គាសថវិកា ពីសប្បុរសជននានាបានច្រើន ដើម្បីធ្វើបុណ្យសព បុណ្យ៧ថ្ងៃ និងបុណ្យ១០០ថ្ងៃ ព្រមទាំងការធ្វើចេតីយ៍ជាដើម ប៉ុន្តែជាក់ស្តែងមិនបានឃើញមនុស្សទាំង ដែលតាំងខ្លួនជាអ្នកស្នេហា ជាមួយលោកបណ្ឌិតកែម ឡីយកថវិកាទាំងនោះ មកធ្វើបុណ្យនោះទេ ខណៈខ្វះថវិកាធ្វើចេតីយ៍ត្រូវបានសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្រ្តី បានចេញថវិកាបង្គ្រប់ធ្វើចេតីយ៍ផងដែរ ៕

To Top