ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី បានធ្វើការប្ដេជ្ញាចិត្ត និងដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្រ្កាបក្រុមក្មេងទំនើង បងតូច បងធំ ដែលតែងតែបង្ករភាពអនាធិបតេយ្យនៅក្នុងខេត្ត និងតាមមូលដ្ឋាននានា ចេញឲ្យអស់ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ការលើកឡើងរបស់ អភិបាលខេត្តតាកែវថ្មី ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី១១ កក្កដា ។

អភិបាលខេត្តតាកែវមានប្រសាសន៍ថា «កន្លងមកនេះសង្កេតឃើញថា មានក្រុមក្មេងទំនើងតែងតែងបង្ករភាពអនាធិបតេយ្យ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈ ដេញវាយកាប់ចាក់គ្នាជារឿយៗ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានភាពភ័យខ្លាច ដូច្នេះដើម្បីលុបបំបាត់ក្រុមក្មេងទំនើងទាំងអស់នេះ ក្នុងនាមខ្ញុំជាគណៈអភិបាលខេត្ត ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតាមដានរាល់សកម្មភាពអុកឡុកផ្សេងៗ របស់ក្រុមក្មេងទំនើងទាំងអស់នោះ និងកំណត់មុខសញ្ញាទីតាំងហើយ ធ្វើការចុះបង្ក្រាបឲ្យបានទាន់ពេលវេលា»។

អភិបាលខេត្តបន្ដថា ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាគ្រឿងញៀន បង្រ្កាប និងទប់ស្កាត់រាល់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ព្រោះគ្រឿងញៀនបង្កឲ្យមានអំពើហិង្សា និងក្រុមក្មេងទំនើងកើតឡើង។

ក្នុងឱកាសនេះដែរ អភិបាលខេត្តតាកែវ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តតាកែវ បន្តគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោទាំងអស់ ព្រោះគម្រោងមួយនេះនឹង ផ្ដល់អត្តប្រយោជន៍ជាច្រើនដល់ប្រជាជន និងសង្គមជាតិ ទៅថ្ងៃអនាគត ខណៈនៅថ្ងៃ៥ សីហា ជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដូច្នេះប្រជាពលរដ្ឋចូលរួមវាយស្គរ គោះត្រឡោក ប៉ោត ឲ្យបានអធិកអធម ហើយអ្វីកាន់តែពិសេសទៅទៀតនោះ រដ្ឋបាលខេត្ត និងរៀបចំការប្រគំតន្រ្តី និងការប្រកួតកីឡាបាល់ទាត់ ដើម្បីបង្ហាញការគាំទ្រ និងអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ បានបើកកាដ្ឋានសាងសង់ជាផ្លូវការ៕


