ព័ត៌មានជាតិ

ប្រធានរដ្ឋវៀតណាម បានមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃ

ភ្នំពេញ៖ លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានមកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី១២ កក្កដា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ (១២-១៣ កក្កដា) ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាមនឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនា ការដាច់ដោយឡែកជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។

ជាមួយគ្នានេះដែរ ប្រធានរដ្ឋវៀតណាមក៏នឹងជួបសម្តេចតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ប្រភពបានគូសបញ្ជាក់ថា “ជំនួបទាំងនេះត្រូវ បានរំពឹងថានឹងគ្របដណ្តប់លើ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែក លើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍នៃប្រជាជនទាំង២”។

ជាមួយគ្នានេះ លោកប្រធានរដ្ឋ គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និងមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។

លោកតូ ឡឹម ក៏គ្រោងនឹងទទួលការចូល ជួបសម្តែងការគួរសមជាមួយសម្តេច ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ផងដែរ៕

To Top