ភ្នំពេញ៖ សិក្ខាកាមមកពីគ្រួសារខ្វះខាត ដែលកំពុងសិក្សានៅក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បង្ហាញពីការសប្បាយចិត្ត និងលើកទឹកចិត្តណែនាំកម្មវិធីបណ្តុះបណ្តាល ឥតគិតថ្លៃនេះទៅកាន់ប្រជាពលរដ្ឋដទៃទៀត ឱ្យមកចុះឈ្មោះចូលរៀន។
អ្នកស្រី ឡូញ ចាន់បុប្ផា ជាសិក្ខាកាមនៃជំនាញភេសជ្ជៈមួយរូប នៃវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ បានបង្ហាញប្រាប់ថាកម្មវិធីនេះ បានជួយសម្រួលគាត់បានច្រើន ដោយមិនត្រឹមតែផ្តល់ជាចំណេះដល់គាត់ប៉ុណ្ណោះទេ តែថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨០០០០៛ (ពីរសែនប្រាំបីម៉ឺនរៀល) បន្ថែមទៀតផងចំពោះអ្នកដែលមានប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌។
ចំណែកឯ កញ្ញា សៅ ស្រីពៅ ជាសិក្ខាកាមជំនាញសំអាងកាយ នៃវិទ្យាស្ថានដដែលបានចែករំលែក ស្រដៀងគ្នាថានៅវិទ្យាស្ថានក៏មាន ផ្តល់ជាកន្លែងស្នាក់នៅដែលអាចសម្រួលដល់ សិស្សដែលមកពីខេត្តនិងខ្វះកន្លែងស្នាក់នៅផងដែរ ខណ:ដែលនៅកន្លែងសិក្សាមួយចំនួន មិនមានការផ្តល់ជូនកន្លែងស្នាក់នៅ ដូចវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍នេះទេ។
លើសពីនេះ កញ្ញា យ៉ែម ស្រីទូច ជាសិក្ខាកាមនៃជំនាញ និងវិទ្យាស្ថានតែមួយក៏បានសម្តែង ការពេញចិត្តជាមួយកម្មវិធីសិក្សាឥតគិតថ្លៃនេះ ព្រោះថាសាលាមានគ្រូបណ្តុះបណ្តាល ប្រកបដោយវិជ្ជាជីវៈ និងមាននូវឧបករណ៍អនុវត្តន៍គ្រប់គ្រាន់។
បន្ថែមពីនេះ កញ្ញា អោ ធីតា ជាសិក្ខាកាមនៃជំនាញដុតនំ នៃវិទ្យាស្ថានដដែលនេះបានលើកទឹកចិត្ត សិស្សដែលខ្វះលទ្ធភាពក្នុងការសិក្សា នៅសាលាដែលមានការបង់ប្រាក់ ឱ្យមកសិក្សានៅវិទ្យាស្ថាននេះ ទៅតាមជំនាញដែលវិទ្យាស្ថានមាន និងចំណូលចិត្តផងដែរ ៕