តាកែវ៖ ជីសរីរាង្គព្រៃស្នួល ដែលជាប្រភេទជីទឹក សម្រាប់ប្រើប្រាស់ទៅលើដំណាំបន្លែផ្លែឈើគ្រប់ប្រភេទ ជាពិសេសលើដំណាំស្រូវ ពោត ដំឡូង សណ្ដែក។ល។ ត្រូវទទួលបានការចាប់អារម្មណ៍ ពីសំណាក់ប្រជាពលរដ្ឋតំណាងឱ្យសហគមន៍តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ការចាប់អារម្មណ៍នេះ ធ្វើឡើងក្នុងឱកាសក្រុមការងារនៃសហគមន៍តាំងក្រសាំង ដឹកនាំដោយ លោក ហ៊ុន ប៊ុនរ៉ា នាយមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ និងមានការចូលរួមពីតំណាងប្រជាពលរដ្ឋមកពីភូមិចំនួន៦ (ចំបក់កន្ទ្រាញ ត្បែងខ្ពស់ ភូមិថ្មី ស្រែអ៊ុក គោកណាំង គោកពួច) នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើទស្សនកិច្ច សិក្សាដកស្រង់បទពិសោធន៍ ស្តីពី “បច្ចេកទេសដាំដំណាំបន្លែបែប ទំនើប និងបច្ចេកទេសចិញ្ចឹមមាន់ស្រែលក្ខណះគ្រួសារ » នៅក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រែកកប្បាស ខេត្តតាកែវ។

ក្នុងវេទិការនៃការជួបសំណេះសំណាល នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក គង់ វ៉ុង កសិករគំរូប្រចាំឃុំព្រែកកប្បាស បានចែករំលែកនូវបទពិសោធន៍ជាច្រើន អំពីការងារចលនាភូមិថ្មី របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងពីវិធីថែទាំដំណាំ ជាពិសេសការប្រើប្រាស់ជីសរីរាង្គព្រៃស្នួល ទៅលើដំណាំស្រូវ និងបន្លែដែលរូបលោក បានធ្វើនាពេលកន្លងមក។

លោក គង់ វ៉ុង បញ្ជាក់ថា «តាមបទពិសោធន៍ ដែលបានប្រើប្រាស់ជីសរីរាង្គព្រៃស្នួលកន្លងមក បើប្រើទៅលើដំណាំឪឡឹក ធ្វើឱ្យផ្លែមានទំហំធំហើយមានរស់ជាតិផ្អែម…អ្វីដែលសំខាន់គឺការប្រើប្រាស់ទៅលើដំណាំស្រូវ ធ្វើឱ្យស្រូវមិនសូវប្រឈមនឹងជំងឺ ជាពិសេសនៅពេលស្រូវរូយផ្កាវានឹងជួយបង្កើនទំងន់ ហើយបើរក្សាទុកពូជ ស្រូវនោះមានដំណុះល្អ» ។

សូមរំលឹកថា ជីសរីរាង្គព្រៃស្នួល គឺជាប្រភេទជីទឹក ផលិតដោយស្នាដៃកូនខ្មែរ អាចប្រើប្រាស់ទៅលើដំណាំបន្លែ ផ្លែឈើគ្រប់មុខ ជាពិសេសលើដំណាំស្រូវ សណ្ដែក ដំឡូង ស្វាយ ។ល។


សិប្បកម្មជីសរីរាង្គព្រៃស្នួល មានទីតាំងផលិត ស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានលោក សយ សុភាព គឺជាស្ថាបនិកម្នាក់ ផងដែរ៕



