ភ្នំពេញ៖ លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយវៀតណាម បានសម្ដែងការកោតសរសើរចំពោះការអភិវឌ្ឍ ដ៏ជឿនលឿននិងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ និងនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។
ក្នុងជំនួបសវនាការជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោក តូ ឡឹម (TO Lam) ក៏បានជំនឿជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានគូសបញ្ជាក់ថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងទំនាក់ទងប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា ហើយប្រទេសវៀតណាម ប្រកាន់គោលនយោបាយមិនងាករេ ចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។
លោកប្រធានរដ្ឋ ក៏បានលើកឡើងពីសារៈសំខាន់នៃយន្តការទ្វេភា គីនិងកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ នៅគ្រប់កម្រិត ជាពិសេស ការជម្រុញការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនបន្ថែមទៀត។
លោក ក៏បានគោរពជូនពរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសង្ឃឹមថា សម្តេចតេជោនឹងអាចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម ក្នុងវេលាសមស្របណាមួយនាពេលអនាគត។
ក្នុងជំនួបនេះ សម្តេចតេជោ បានកត់សម្គាល់ដោយរីករាយចំពោះទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រទេសកម្ពុជានិងវៀតណាម ដែលឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
សម្តេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់ លោកប្រធានរដ្ឋ ស្តីពីទំនាក់ទំនងនៃប្រទេសទាំងពីរ និងបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់បក្សកុម្មុយនីស្តវៀតណាម ប្រទេសវៀតណាមនឹងសម្រេចគោលដៅឧស្សាហូបនីយកម្ម និងទំនើបកម្មនៅឆ្នាំ២០៣០ ដូចកម្ពុជាក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ វៀតណាមនឹងឈានដល់ក្រុមប្រទេស G20 ជាប្រទេសរីកចម្រើន និង អភិវឌ្ឍន៍ ដែលផ្តល់បច្ច័យល្អសម្រាប់ប្រទេសជិតខាង ដូចកម្ពុជា និងឡាវ។
សម្តេចតេជោ បានបន្ថែមថា សភាពការណ៍ពិភពលោក មានការប្រែប្រួលនិងវិវត្តន៍ ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជារឿងសំខាន់ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសជិតខាងទាំង៣ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម, ដើម្បីជម្រុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត។
សម្តេចបានបញ្ជាក់ថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាម ក្នុងការផ្តួលរំលំរបបប៉ុលពត ដែល ខែមុននេះ កម្ពុជាបានប្រារព្ធខួបលើទី៤៧ នៃការធ្វើដំណើររបស់សម្តេចទៅវៀតណាមនៅតំបន់ X១៦ ហើយ ថ្នាក់ដឹកនាំវៀតណាម បានរំលឹកពីជំនួយរបស់កម្ពុជា ក្នុងការជួយបង្រួបបង្រួមជាតិវៀតណាមផងដែរ៕