ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា លោក Wang Wenbin បានប្រកាសដាក់បញ្ចូល សួនរុក្ខជាតិអង្គរ ទៅក្នុងបញ្ជីទិសដៅ ទេសចរណ៍ខ្លួនឯង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកឯកអគ្គរដ្ឋទូតចិន នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា «សូមចូលរួមអបអរសាទរ ចំពោះ សួនរុក្ខជាតិអង្គរ ក្នុងប្រទេសកម្ពុជា ទទួលបានពាន Travellers’ Choice Awards ២០២៤ ពីស្ថាប័នលំដាប់ ពិភពលោក TripAdvisor។ ខ្ញុំសូមដាក់បញ្ចូលសួនរុក្ខជាតិអង្គរ ទៅក្នុងបញ្ជីទិសដៅ ទេសចរណ៍ខ្លួនឯង»។

សូមបញ្ជាក់ថា សួនរុក្ខជាតិអង្គរ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប នៅតាមបណ្តោយរុក្ខវិថី ព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត បន្ទាប់ពីបានរៀបចំកែលម្អ ដោយមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង ៥០០ប្រភេទ ត្រូវបានសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

ការបង្កើតឲ្យមានសួនរុក្ខជាតិនេះឡើង ក្នុងគោលបំណង ដើមី្បធ្វើការផ្សព្វផ្សាយជូនសាធារណជនជាតិ អន្តរជាតិ បានចូលមកទស្សនាកម្សាន្ត និង ស្វែងយល់អំពី អំបូររុក្ខជាតិគ្រប់ប្រភេទ ដែលត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការអភិរក្ស សម្រាប់ឲ្យកូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់ អំពីធនធានធម្មជាតិនៅកម្ពុជា៕
