ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ចាប់តាំងពីដាក់ចេញយុទ្ធនាការ រហូតមកដល់ពេលនេះ ពុំទាន់រកឃើញ មានភាពមិនប្រក្រតីណាមួយនៅឡើយ ពាក់ព័ន្ធនឹងចំណាត់ការ លើសំណុំរឿងគ្រឿងញៀន ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក លោក ជិន ម៉ាលីន។

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាប្រធាន គណៈបញ្ជាការ ដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំ នៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការដែលបានដាក់ចេញ ដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ផ្តោតសំខាន់លើសំណុំរឿងអាទិភាពចំនួន ៤ រួមមាន ៖ សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង ។

ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានប្រកាន់ខ្ជាប់នូវគោលការណ៍ “តម្លាភាព” ដោយបានចេញសេចក្តីប្រកាស ព័ត៌មានជាប់ជាប្រចាំ ចំពោះចំណាត់ការ សំណុំរឿងគ្រឿងញៀន នៅគ្រប់ដំណាក់កាលនៃនីតិវិធីរបស់អយ្យការ និងតុលាការ ដើម្បី, ម៉្យាង, បញ្ចៀសបាននូវការ មិនទុកចិត្តគ្នាក្នុងចំណោមស្ថាប័នអនុវត្ត និង ម្យ៉ាងទៀត, ដើម្បីធានាប្រសិទ្ធិភាព និងតម្លាភាពនៃការអនុវត្តច្បាប់ ប្រកបដោយការទទួលខុសត្រូវពីសំណាក់ស្ថាប័នអនុវត្តច្បាប់ទៅកាន់សាធារជន ។
បន្ថែមពីនេះ, ចំណាត់ការសំណុំរឿងគ្រឿងញៀនត្រូវបានធ្វើឡើង ដោយប្រកាន់ខ្ជាប់នូវអភិក្រម “ ម៉ឺងម៉ាត់ និងត្រឹមត្រូវតាមច្បាប់” និង ”ស្អាតស្អំ” ដោយរហូតមកដល់ពេលនេះ ពុំទាន់រកឃើញថាមានភាព មិនប្រក្រតីណាមួយនៅឡើយពាក់ព័ន្ធនឹង ចំណាត់ការលើសំណុំរឿងញៀន។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលយល់ឃើញថា ចំណាត់ការរបស់តុលាការ លើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការ នៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181៕
