ភ្នំពេញ៖ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានគាំទ្រសំណើរបស់កម្ពុជា ក្នុងការអញ្ជើញស្ថាប័នហិរញ្ញវត្ថុ ដូចជាADB ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន នៅទីក្រុងវៀងច័ន្ទ ក្នុងខែកញ្ញា ខាងមុខ ។
តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអរគុណចំពោះ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការ ថាមពលបៃតងជាមួយកម្ពុជា ឱ្យដល់កម្រិតខ្ពស់ ក៏ដូចជាការគាំទ្រផែនការ បង្កើតបណ្តាញអគ្គិសនីអាស៊ាន។

លោករដ្ឋមន្រ្តីបញ្ជាក់ថា «ភាគីឡាវគាំទ្រសំណើររបស់កម្ពុជា ក្នុងការអញ្ជើញស្ថាប័នហិរញ្ញវត្ថុដូចជាADB ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន ក្នុងខែកញ្ញា ខាងមុខនៅក្រុងវៀងច័ន្ទ»។
សូមរំលឹកថា កម្ពុជានិងសឹង្ហបុរី បានផ្តួចផ្តើមគំនិតឱ្យមានការបង្កើតការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឡើងវិញ ខណៈកាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ តែមិនទាន់សម្រេច។
ការតភ្ជាប់អគ្គីសនី គឺធ្វើឡើងលក្ខណៈទ្វេភាគីរវាងប្រទេស និងប្រទេស ពោលគឺកម្ពុជាបានតភ្ជាប់បណ្ដាញអគ្គិសនី ជាមួយប្រទេសវៀតណាម និងឡាវជាទ្វេភាគី ខណៈប្រទេសសិង្ហបុរី ក៏ទិញ-លក់ ភ្លើងជាមួយប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសឡាវផងដែរ។
ត្រង់ចំណុចនេះ លោក កែវ រតនៈ បានសង្កត់ធ្ងន់ដែរថា នេះគឺជាឱកាសសម្រាប់កម្ពុជា ក្នុងការផលិតថាមពល ដោយផលិតខ្លះសម្រាប់ប្រើប្រាស់ក្នុងស្រុក និងបើកច្រកនាំចេញអគ្គិសនី ទៅប្រទេសអាស៊ានទាំង១០ ព្រមទាំងទាក់ទាញ ការវិនិយោគមកកម្ពុជា សម្រាប់រយៈពេលវែងជាដើម៕
