ព័ត៌មានជាតិ

Update៖ អស់រយៈពេលជាច្រើនម៉ោង ឧទ្ធម្ភាគចក្រ ដែលបាត់ នៅក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ មិនទាន់រកឃើញនៅឡើយ

ភ្នំពេញ៖ ក្រសួងការពារជាតិ បានឱ្យដឹងថាមកដល់ម៉ោងនេះ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងការរុករកជួយ សង្រ្គោះនៅឡើយទេ ។

ឧបទ្ទវហេតុបានកើតឡើង ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ សមាសភាពនៅក្នុង ឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់ ។ ក្រសួងការពារជាតិ សូមថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់កងកម្លំាង និងគណៈបញ្ជាការឯកភាពខេត្ត ដែលបានចូលរួមរុករកជាមួយ កងឯកភាព និងក្រុមជំនាញ ។

ក្រសួងសូមអរគុណចំពោះវិស័យឯកជនដែលមានបំណងចង់មកជួយចូលរួមរុករកជាមួយក្រុមការងាររុករក និង ជួយសង្គ្រោះ ។

ក្រសួងបញ្ជាក់ថា ដោយសារស្ថានភាពអាកាសធាតុ នៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ ចុះអ័ព្ទខ្លាំងព្រមទាំងក្រុមការងារ ជួយសង្រ្គោះបានដាក់ទិសដៅ ពង្រាយកម្លាំងក្នុងតំបន់នេះរួចហើយ។ ហេតុដូចនេះសូមវិស័យឯកជនទុកលទ្ធភាព ឱ្យក្រុមការងាររុករក និងជួយសង្រ្គោះបន្តប្រតិបត្តិការសិន៕

To Top