ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តសិស្សនិស្សិត ឱ្យចូលរួមក្នុងការប្រកួតប្រជែង រ៉ូបូត ឱ្យបានច្រើនបន្ថែមទៀត ព្រោះជាពហុជំនាញ ដែលធ្វើឱ្យសិស្សនិស្សិត អាចមានលទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត ដោយមិនត្រឹមតែមានជំនាញស្នូល របស់ខ្លួនមួយមុខប៉ុណ្ណោះទេ។

ការលើកឡើងបែបនេះ គឺនៅក្នុងពេលដែលលោករដ្ឋមន្ត្រី បានចូលរួមជាសហប្រធាន ជាមួយលោកនេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ នេះដែលរៀបចំឡើង នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

សម្រាប់លោករដ្ឋមន្ត្រី សិស្សនិស្សិត ដែលចូលរួមការប្រកួតប្រជែងនេះ នឹងបានរៀនសូត្រ ពីការធ្វើការងារជាក្រុមព្រោះថា ការបង្កើតរ៉ូបូតនីមួយៗនេះ ត្រូវការក្រុមពហុជំនាញផ្សេងៗ គ្នាដូចជាជំនាញកម្មវិធីកុំព្យូទ័រ ជំនាញមេកានិក ជំនាញអគ្គិសនីជាដើម ហើយការមានជំនាញជាក់លាក់ច្បាស់លាស់ សម្រាប់ជីវិតនេះគឺស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទិសដៅធ្វើឱ្យពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិច។

ថ្លែងទៅកាន់កម្មវិធី ដែលមានអ្នកចូលរួមជាង១ពាន់នាក់ លោករដ្ឋមន្ត្រី បានសង្ឃឹមថា អ្នកសិក្សាជំនាញបច្ចេកទេសទាំងអស់នឹងអាចប្រើប្រាស់បច្ចេកវិទ្យាដែលមានដើម្បីសម្រួលដល់ការរស់នៅ ការប្រកបរបរអាជីវកម្មរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។
សូមបញ្ជាក់ថា កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ និងមានក្រុមនិស្សិតចំនួន ៩ក្រុម ចូលរួមប្រកួតប្រជែង ដែលមកពីគ្រឹះស្ថានសិក្សានានាចំនួន ៥ រួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC), វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

កម្មវិធីប្រកួតប្រជែងរ៉ូបូត ថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ ក្រោមប្រធានបទការប្រមូលផលស្រូវ ដែលមានគោលបំណង ដើម្បីផ្ដល់ឱកាសដល់និស្សិត មកពីបណ្ដាលវិទ្យាស្ថាន និងសកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិតឧបករណ៍ បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯកសម្រាប់តំណាងកម្ពុជា ទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ នៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕


