ភ្នំពេញ ៖ រយៈពេល ៦ខែ ឆ្នាំ២០២៤ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ១៦៦គណនី និង ១១៩គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា «ក្នុងរយៈពេល៦ខែ នាឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋចំនួន ៤០៧គណនី ដែលក្នុងនោះរួមមានមតិយោបល់របស់ប្រជាពលរដ្ឋចំនួន១២២គណនី បានលើកឡើងជាធាតុចូលជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញផ្សេងៗ ដើម្បីជ្រាបក៏ដូចជាការកែលំអរក្នុងការងារប្រចាំថ្ងៃក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ»។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ដថា «ទន្ទឹមនឹងនេះដែរ ក្រុមការងារ ក៏បានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ១៦៦គណនី និង ១១៩គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ»។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏លើកទឹកចិត្ត និងសូមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក ខិតខំប្រឹងប្រែង និងការសហការគ្នាបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិ ឱ្យបានកាន់តែល្អប្រសើ ។ ជាមួយគ្នានេះ លោក ក៏សុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានថ្លែងអំណរគុណជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ៕