ព័ត៌មានជាតិ

១សប្ដាហ៍ អយ្យការអមសាលាដំបូង រាជធានី-ខេត្ត ចាត់ការសំណុំរឿងក្មេងទំនើង ៣៤ករណី ឃាត់ខ្លួនជនសង្ស័យ ១១៩នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៨-១៤ កក្កដា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿង ពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៣៤ករណី មានជនសង្ស័យចំនួន ឲ១៨១នាក់ និងតុលាការបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ១១៩នាក់ ។

តាមរយៈសារតេឡេក្រាម នៅថ្ងៃទី១៥ កក្កដា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាល ទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀន ប្រដៅដល់កូនៗ ឲ្យដើរតាមគន្លងត្រឹមត្រូវ វៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដោយជៀសវាងពីសកម្មភាព ទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ ៕

To Top