កណ្តាល ៖ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានបញ្ជាក់យ៉ាងច្បាស់ៗ ជាថ្មីម្តងទៀតថា មិនមានការបិទហែរទីងមោងនោះទេ ក៏ប៉ុន្តែរាល់ការហែរ គណៈកម្មការគ្រប់គ្រង ទីងមោង នៃវត្តនីមួយៗត្រូវតុបតែងលំអ តាមរចនាបថខ្មែរ និងរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់សាធារណៈ និងរក្សាតម្លៃវប្បធម៌ជាតិ ឲ្យបានល្អប្រសើរ។

លោកអភិបាលខេត្ត បានបញ្ជាក់ច្បាស់ៗ និងលើកទឹកចិត្តបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ នៃការហែរទានព្រះវស្សា និង ការហែរទីងមោង សំដៅធ្វើយ៉ាងណាឲ្យមានសណ្តាប់ធ្នាប់ និងដើម្បីរក្សាគុណតម្លៃសិល្បៈ វប្បធម៌របស់ខ្មែរ ជាមួយចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងអ្នកគ្រប់គ្រងទីងមោង ក្នុងស្រុកស្អាង ប្រមាណជាង ១៤វត្ត នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង ។

លោកអភិបាលខេត្ត បានណែនាំក្រុមការងារ ជំនាញថ្នាក់ខេត្ត និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវសិក្សាឲ្យបានច្បាស់ពីប្រវត្តិ និងរចនាបថរបស់ទីងមោង ដើម្បីចងក្រងទុក ជាឯកសារ ជៀសវាងការ រចនារូបទីងមោង ដោយប្រាសចាកពីទម្រង់ និងរចនាបថរបស់ខ្មែរ ហើយនៅឆ្នាំក្រោយក្រុមការងារនេះ នឹងធ្វើការកំណត់ចំនួនទីងមោង និង កំណត់ចំនួនថ្ងៃដែលត្រូវហែរសម្រាប់វត្តនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីធានាដល់ការរក្សា បានសណ្ដាប់ធ្នាប់សាធារណៈ បញ្ជៀសការស្ទះចរាចរណ៍តាមដងផ្លូវ ជាពិសេសគឺការរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងទម្រង់ដើមនៃវប្បធម៌របស់ជាតិ។

ពាក់ព័ន្ធនឹងការហែរ ទីងមោង ក្នុងភូមិសាស្ត្រស្រុកស្អាងអំឡុងពេលបុណ្យទានព្រះវស្សានាឆ្នាំនេះ លោកអភិបាលខេត្ត បានកំណត់ឲ្យទីងមោង តាមវត្តនីមួយៗហែរបានតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយនៅថ្ងៃចុងក្រោយ នៃការហែរទានព្រះវស្សា អនុញ្ញាតឲ្យការហែរទីងមោង បានតែតាមវត្តនីមួយៗ មិនអាចឆ្លងទៅវត្តផ្សេងបានឡើយ ដើម្បីបញ្ជៀសការរញ៉េរញ៉ៃ និងរក្សាបានសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ហើយ កងកម្លាំងសមត្ថកិច្ច និងប្រជាការពារត្រូវត្រៀមខ្លួនក្នុងថ្ងៃនេះ ត្រូវខិតខំយកចិត្តទុកដាក់ចូលរួមសហការគ្នា សំដៅធ្វើយ៉ាងណារក្សា ឲ្យបាននូវសន្តិសុខសម្រាប់ធ្នាប់សាធារណៈក្នុងពិធីហែរនាថ្ងៃចុងក្រោយនេះឲ្យបានល្អប្រសើរបំផុត។

គួរបញ្ជាក់ថា កន្លងមកមានការផ្សាយ តាមបណ្តាញសង្គមមួយចំនួនថា ការដង្ហែទីងមោងសម្រាប់រៃអង្គាសបច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សា ត្រូវបានហាមឃាត់មិនឲ្យធ្វើទៀតឡើយ ធ្វើឲ្យសាធារណៈមតិមួយចំនួនមានការយល់ច្រឡំ និងទទួលព័ត៌មានមិនបានច្បាស់លាស់ ហេតុដូច្នេះទើបមានកិច្ចប្រជុំនេះឡើង ដើម្បីបញ្ជាក់ជូនដល់ចៅអធិការវត្ត ព្រះសង្ឃ អ្នកគ្រប់គ្រងទីងមោង និងប្រជាពលរដ្ឋទាំងអស់ថា ការហែរទីងមោងមិនមានការបិទឡើយ ។ នៅទូទាំងខេត្តកណ្ដាល មានទីងមោងប្រមាណជាង៤៦១ ។ ដោយឡែកក្នុងស្រុកស្អាងមាន១៤វត្ត ហើយមានទីងមោងជាង២៤៣ ៕



