ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានឧបត្ថម្ភដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ដើម្បីបញ្ចូនសិស្ស និស្សិត ដែលមានសមត្ថភាព ឱ្យចូលរួមប្រកួតប្រជែងក្នុង កម្មវិធីការប្រកួតប្រជែងរ៉ូបូត ថ្នាក់ជាតិលើកទី ១១ ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៤ នៅសាលដំរីពហុកីឡដ្ឋាន ជាតិមរតកតេជោ ។

ការប្រកួតលើកនេះ មានសកលវិទ្យាល័យចំនួន ៥ បានបញ្ជូនបេក្ខភាពសរុបចំនួន ៩ ក្រុមឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ ក្នុងឆ្នាំ ២០២៤ ក្រោមវិញ្ញាសារ រ៉ូបូត (ស្ទូងស្រូវ) ដាំបង្គោល និង (ប្រមូលផលស្រូវ) ចាប់បាល់ចូលកន្រ្តក ។ ក្នុងនោះផងដែរ វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ក៏បានបញ្ជូនបេក្ខជនចំនួន ២ ក្រុមក្រោមការ សហការឧបត្ថម្ភពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដើម្បីជាការរួមចំណែក លើកទឹកចិត្តសិស្ស និស្សិត ឱ្យបន្តបណ្តុះ នូវគំនិតនវានុវត្តន៍ បែបវិទ្យាសាស្រ្តថ្មីៗឱ្យកាន់តែច្រើន និង កាន់តែអភិវឌ្ឍន៍ សម្រាប់សង្គមជាតិ ទាំងមូលនាថ្ងៃអនាគត ។

កម្មវិធីការប្រកួតប្រជែងរ៉ូបូត ថ្នាក់ជាតិលើកទី១១ ឆ្នាំ ២០២៤ នាឆ្នាំនេះជាឱកាសដ៏ល្អ សម្រាប់ សិស្ស និស្សិតសាកលវិទ្យាល័យ ដែលមានសមត្ថភាព ក្នុងការបង្កើតនិងកែច្នៃ រ៉ូបូត បែបវិទ្យាសាស្រ្ត បានបញ្ចេញស្នាដៃ ដែលពួកគេបានខិតខំស្រាវជ្រាវ ទៅកាន់សាធារណៈជន ពិសេសអាចយកស្នាដៃកូនខ្មែរ ទៅដាក់បង្ហាញនិងប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ នាពេលខាងមុខថែមទៀតផង ។

យ៉ាងណាមិញ វីតាល់តែងតែចូលរួមជាចំណែក ក្នុងការឧបត្ថម្ភទៅកាន់សង្គមជាតិជាច្រើនទម្រង់ និង ច្រើនរូបភាព ពិសេស គឺតែងតែគិតគូរ និង លើកទឹកចិត្តទៅកាន់ យុវជនជំនាន់ក្រោយឱ្យបន្តស្វែងរកនូវគំនិតថ្មីៗ ដែលអាចជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និង សង្គមជាតិទាំងមូល។ គួរឱ្យកត់សម្គាល់ផងដែរថា វីតាល់ជាក្រុមហ៊ុនទឹកពិសា ក្នុងស្រុកទទួលបានការគាំទ្រ ពេញនិយមខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ទាំងគុណភាព និងស្តង់ដារអន្តរជាតិ ដែលទទួលបានមេដាយមាសគុណភាព ពិភពលោកពីស្ថាប័ន Monde Selection កាលពីឆ្នាំ២០២៣កន្លងទៅនេះ៕




