ព័ត៌មានជាតិ

កម្ពុជា កំពុងបន្តចូលរួម ក្នុងកិច្ចប្រឹងប្រែងជាសកល ដើម្បីដោះស្រាយបញ្ហាប្រឈម និងគ្រោះថ្នាក់នានា

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) បានឲ្យដឹងថា កម្ពុជា កំពុងបន្តចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រឹងប្រែងជាសកល ក្នុងការដោះស្រាយបញ្ហាប្រឈម និងគ្រោះថ្នាក់នានាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.អ.ស។

ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយ លើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ រៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UN-ESCAP) នៅថ្ងៃទី១៥ កក្កដា លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន គឺអាស្រ័យដោយសន្តិភាព និងស្ថិរភាពដែលបានកសាងឡើង និងការពារដោយរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ ជាពិសេសស្ថាប័ននានារបស់អង្គការសហប្រជាជាតិ រួមមាន UN-ESCAP និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ផងដែរ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ អង្គការសហប្រជាជាតិ ជាពិសេស UN- ESCAP និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងសន្តិភាពនិងស្ថិរភាព និងការការពារបរិស្ថាននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តីគូសបញ្ជាក់ថា កម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយ UN-ESCAP ហើយការចូលរួមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP នាពេលថ្មីៗនេះ គឺជាសក្ខីភាពនៃការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងជាពិសេសថា «កម្ពុជាបាននិងកំពុងបន្តចូលរួមយ៉ាង សកម្មក្នុងកិច្ចប្រឹងប្រែងជាសកល ក្នុងការដោះស្រាយបញ្ហា ការប្រឈម និងគ្រោះថ្នាក់នានាដែលគំរាមកំហែង ដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិមួយដែលផ្អែកលើច្បាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព»។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងមន្ត្រីជំនាញរបស់ UN- ESCAP ដែលបានចំណាយពេលដ៏មានតម្លៃរបស់ខ្លួនចូលរួម និងផ្តល់ធាតុចូលយ៉ាងសកម្មនៅក្នុងកិច្ចពិគ្រោះ យោបល់នេះ៕

To Top