ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានជួយសម្របសម្រួល ឱ្យមានការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួច ចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា នៅក្នុងប្រទេសកម្ពុជា ខណៈភាគីផ្សារទំនើប និងម៉ាតបានបង្ហាញនូវចំណាប់អារម្មណ៍ និងបន្តទំនាក់ទំនង និងឈានដល់ការចុះកិច្ចសន្យា ទទួលលក់ក្នុងផ្សាររបស់ខ្លួន នាពេលឆាប់ៗខាងមុខ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅទី១២ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់ស្វាយចន្ទី ដែលកែច្នៃរួច ចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា” ដើម្បីផ្តល់ឱកាសជូនសហគ្រាស និងក្រុមហ៊ុនផលិតគ្រាប់ ស្វាយចន្ទីកម្ពុជា បានជួបផ្ទាល់ជាមួយនឹងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ជាពិសេសផ្សារទំនើប និងម៉ាត ដូចជា អ៊ីអន ម៉ាក្រូ ឡាក់គី ជីបម៉ុង ថៃហួត បាយ័ន ប៊ីកស៊ី តេលា 7-Eleven និង Cambodian Superstore ជាដើម។

ក្នុងឱកាសនោះ លោកស្រីបានលើកឡើងអំពីគោលបំណងនៃកិច្ចពិភាក្សា ការត្រួតពិនិត្យ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងផ្សារទំនើប ដើម្បីឈានដល់ការទទួល យកស្វាយចន្ទីរបស់សហគ្រាស និងក្រុមហ៊ុនស្វាយចន្ទី សំដៅជំរុញការគាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផល គ្រាប់ស្វាយចន្ទីខ្មែរឱ្យកាន់តែទូលំទូលាយ។

បើតាមក្រសួងពាណិជ្ជកម្ម បន្ទាប់ពីពិនិត្យនិងភ្លក់រសជាតិស្វាយចន្ទីរួចមក ភាគីផ្សារទំនើប និងម៉ាត បានបង្កើតទំនាក់ទំនង និងមានចំណាប់អារម្មណ៍ ចំពោះសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីមួយចំនួន ដើម្បីបន្តទំនាក់ទំនង និងឈានដល់ការចុះកិច្ចសន្យា ទទួលលក់ក្នុងផ្សារទំនើប និងម៉ាត នាពេលឆាប់ៗខាងមុខ។

លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានប្រាប់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិលថា លោកស្វាគមន៍ ចំពោះរាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម ដែលបានជួយសម្របសម្រួល ឱ្យមានការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចនៅតាមបណ្តាផ្សារទំនើបនៅកម្ពុជា ខណៈកន្លងមកមិនសូវមាននោះទេ ព្រោះបណ្តាផ្សារទំនើប ទាំងនោះមានលក្ខខណ្ឌច្រើន។

លោកសង្កត់ទៀតថា កន្លងមកក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួន មិនបានដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចលើទីផ្សារទំនើបនៅកម្ពុជានោះទេ ដោយក្រុមហ៊ុនទាំងនោះបាននាំចេញ ទៅកាន់ទីផ្សារនៅក្រៅប្រទេស ។ ជាមួយគ្នានោះ នៅពេលដែលមានការ ដាក់លក់នៅក្នុងផ្សារទំនើប និងម៉ាត នៅកម្ពុជានឹង ធ្វើឱ្យផលិតផលមួយនេះ មានទីផ្សារ និងជំរុញឱ្យការប្រើប្រាស់ នៅក្នុងស្រុកកាន់តែច្រើនថែមទៀត ៕
ដោយ៖ នូវ ស៊ីវុត្ថា



