ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ចំណុចចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៤នេះ ដែលជាការផ្តល់អត្ថប្រយោជន៍ ដល់កម្មករនិយោជិត សិស្សនិស្សិតនិងប្រជាពលរដ្ឋ ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងសកម្មភាពសង្គមសំខាន់ៗមួយចំនួនទៀត ។

ជាក់ស្តែង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ លោក ហេង សួរ បានអញ្ជើញផ្សព្វផ្សាយ កម្មវិធីថ្នាក់ជាតិ សំខាន់ចំនួន២ របស់រាជរដ្ឋាភិបាលនៅខេត្តកំពង់ឆ្នាំង ស្តីពី”ការអនុវត្ត របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង”កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ។

ជាការចុះផ្សព្វផ្សាយពន្យល់ ពីការគិតគូរបន្ថែម របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតីហ៊ុន ម៉ាណែតជាប្រមុខដើម្បីទ្រទ្រង់ សុខមាលភាពប្រជាពលរដ្ឋ និងក្រុមគ្រួសារមន្ត្រី សាធារណៈ ដោយកាត់បន្ថយជាគំហុកពីគ្រួសារ ក្នុងការថែទាំនិងព្យាបាលសុខភាព តាមរយៈរបបភាគទាន ស័្មគ្រចិត្តត្រឹម១៥៦០០រៀល ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបង្ហាញពីការយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលជំនាញ សម្រាប់ឱ្យយុវជនក្រុមគោលដៅ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យបានចូលសិក្សាជំនាញបច្ចេកទេស ពីរាជរដ្ឋាភិបាលជាមួយប្រាក់ឧបត្ថម ដើម្បីឱ្យប្រជាពលរដ្ឋមានការងារ ធ្វើ និងប្រាក់បៀវត្សសមរម្យ ដើម្បីលើកកម្ពស់ជីវភាពក្រុមគ្រួសារ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។
ក្រៅពីកិច្ចការផ្សព្វផ្សាយ លោករដ្ឋមន្ត្រី បានចុះអនុស្សរណៈជាមួយសមាគមន៍ធុរកិច្ច កម្ពុជាជប៉ុន (JBAC)កាលពីថ្ងៃទី៩ កន្លងទៅដើម្បីផ្តល់ ឱកាសដល់យុវជនកម្ពុជា ដែលសិក្សាជំនាញបច្ចេកទេស ទៅចុះកម្មសិក្សា និងហាត់ការជាមួយក្រុមហ៊ុនជប៉ុនដែលកំពុងមានវត្តមាននៅកម្ពុជា។ តាមរយៈអនុស្សរណៈនេះ យុវជនកម្ពុជា នឹងបានសិក្សារៀនសូត្រ ចំណេះជំនាញស្តង់ដាជប៉ុន។

ដោយឡែកកាលពីថ្ងៃទី១១ ខែកក្កដា លោករដ្ឋមន្ត្រី ក៏បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំគន្លងអប់រំ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ កិច្ចប្រជុំលើកទី១ នៃក្រុមការងារ ចំពោះកិច្ចការនេះ មានទិសដៅដើម្បីពិនិត្យ វាយតម្លៃលើគន្លងអប់រំសម្រាប់កម្ពុជា ក្នុងបង្កើនសមត្ថភាព និងផលិតភាពឱ្យស្របទៅតាមចរន្តទីផ្សារការងារ និងភាពប៉ិនប្រសព្វ របស់យុវសិស្សកម្ពុជា ដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់ របស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ ដើម្បីលើកស្ទូយវិស័យបណ្តុះបណ្តាល និងបច្ចេកទេសឌីជីថល លោក ហេង សួរនៅថ្ងៃទី១៤ ខែកក្កដាកន្លងទៅ ក៏បានអញ្ជើញ ជាសហប្រធានក្នុងពិធីថ្លែងបើកការប្រកួតរ៉ូបូត ថ្នាក់ជាតិលើកទី១១ ដើម្បីចម្រាញ់យកជើងឯកទៅប្រកួត កម្រិតអន្តរជាតិនៅប្រទេសវៀតណាម។ ក្នុងនោះលោកមន្ត្រី បានជំរុញនិងលើកទឹកចិត្ត ដល់យុវជន និងសិស្សនិស្សិតកម្ពុជា ចូលរួមការប្រកួតប្រជែងរ៉ូបូត ឱ្យបានច្រើនដើម្បីបង្កើន សមត្ថភាពព ហុជំនាញ របស់ខ្លួនព្រោះថា ការកសាងរ៉ូបូតមួយតម្រូវ ឱ្យទាមទារការធ្វើការជាក្រុម ដែលមានជំនាញផ្សេងៗគ្នាដើម្បីទទួលបានផលិតផលដ៏ល្អ សម្រាប់ការប្រកួតដោយជោគជ័យ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានជួបពិភាក្សា និង ផ្តល់អនុសាសន៍ដល់ទៅដល់យុវសិស្ស FIRST GLOBAL Team Cambodia មកពីវិទ្យាល័យ នៅរាជធានីភ្នំពេញដែលគ្រោង នឹងចេញទៅប្រកួត នៅប្រទេសក្រិកនាពេលខាងមុខ។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្ត ដល់ យុវសិស្សកម្ពុជា ឱ្យចូលរួមការប្រកួតប្រជែងកម្រិតអន្តរជាតិ ឱ្យបានច្រើនដើម្បីពង្រឹងសមត្ថភាព ដែលនឹងជាការ បង្ហាញ ពីកិត្យានុភាព របស់ជាតិផងដែរ ។

ក្រៅពីនេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួម ពិធី “រុក្ខទិវា” ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះមហាក្សត្រនៅខេត្តតាកែវ និងការអមសម្តេច នាយករដ្ឋមន្ត្រីបើកវេទិកា ធុរកិច្ចបារាំង-កម្ពុជា រួមទាំងជំនួបជាមួយក្រុមហ៊ុនយក្សតូយូតា របស់ជប៉ុន ដើម្បីបង្ហាញពីឱកាស និងជំរុញការទាក់ទាញ វិនិយោគិនបន្ថែមមកកម្ពុជា ដែលជាប្រទេសមានភាពទាក់ទាញ ទាំងកម្លាំងពលកម្ម និងការអនុគ្រោះពីរាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការងារឆមាសទី១ និងទិសដៅឆមាសទី២ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ដែលសម្តេចមហាបវរធិបតី ដឹកនាំប្រជុំនៅវិមានសន្តិភាព កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅក៏ជាការងារ ចាំបាច់មួយផងដែរ ដែលលោករដ្ឋមន្ត្រី ហេង សួរបានចូលរួមប្រជុំ ៕
