ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤ បានលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះកម្ពុជាមានរោងចក្រ សហគ្រាសមានចំនួនសរុប ៤៤ ៤១៧ និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧៩លាននាក់ ខណៈសហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង ៣ពាន់សហគ្រាស។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា កម្មករនិយោជិតកំពុងបម្រើការងារនៅក្នុង វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប មានចំនួន ១ ៥៣៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៩១៣ ០១៧នាក់ ដោយបានប្រាក់ឈ្នួល ប្រចាំឆ្នាំប្រមាណ ២,៩៧ពាន់លានដុល្លារអាម៉េរិក ។

លោករដ្ឋលេខាធិការបន្តថា វិស័យក្រៅពីកាត់ដេរមានចំនួន ៤២ ៨៧៩សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៨៧៩ ៧៧៤នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក។ សហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួន ៣ ១៣០សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៧៧ ៤៣៦នាក់ (ស្រី ៤៣ ១៧២នាក់) ក្នុងនោះ វិស័យកាត់ដេរមានចំនួន ៨២សហគ្រាស មានកម្មករនិយោជិតចំនួន ៣៧ ៨២៧នាក់ (ស្រី ២៦ ៥០៧នាក់)។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននឹងកំពុងបន្តគោល នយោបាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកែប្រែកម្ពុជា ក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ ចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសប្រើកម្លាំងអតិពលកម្ម មកពលកម្មជំនាញវិញ តាមរយៈការដាក់ចេញ នូវកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ នៅអាណត្តិទី៧នេះផងដែរ ៕









