ភ្នំពេញ ៖ សមត្ថកិច្ច បានអញ្ជើញលោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ដើម្បីបំភ្លឺករណី ដែលបង្ហោះ តាមបណ្តាញ សង្គមហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដោយបានសរសេរ មានខ្លឹមសារថា «ករណីកូនៗ ឪពុកត្រូវបានគេគម្រាម រៀបចំផែនការកំចាត់ឪពុកហើយ»។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោក អធិការនគរបាលខណ្ឌកំបូល វរសេនីយ៍ឯក ហុង ពិសិដ្ឋ សហការជាមួយលោកវរសេនីយ៍ទោ ស្រី ប៊ុនធី នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញលោក ផន ផល្លាប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូសប្បុរសធម៌តាមបណ្តាញសង្គម ដើម្បីបំភ្លឺករណីដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា «ករណីកូនៗឪពុកត្រូវបានគេគម្រាម រៀបចំផែនការកំចាត់ឪពុកហើយ» ។
ដែលបុគ្គលនោះ មានសមាសភាពជាមន្ត្រីនគរបាលក្នុងក្រសួងមហាផ្ទៃ ក្រោយបានសួរនាំរួចមកទើបបានដឹងថា «ករណីដែលគាត់បាន សរសេរបង្ហោះនេះ មិនមែនមានន័យថា គេគម្រាមអាយុជីវិតគាត់នោះទេ គឺគម្រាមសម្លាប់ ក្នុងវិស័យមនុស្សធម៌តាមបណ្តាញសង្គមនានាតែប៉ុណ្ណោះ។ ចំពោះសមាសភាពដែលគាត់បានចោទប្រកាន់នោះ គឺមានឈ្មោះ ទី ចំរើនកុសល្យ។
ដោយពេលនោះ បើតាមការសំណូមពរ របស់លោក ផន ផល្លា ស្នើសុំឲ្យលោក ទី ចំរើនកុសល្យ សូមបញ្ឈប់រាល់ កម្មភាពនានា ដែលផុសប៉ះពាល់កិត្តិយស របស់គាត់ តាមបណ្តាញសង្គមនានា ។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ច បានអប់រំចំពោះ លោក ផន ផល្លា បញ្ឈប់បង្ហោះព័ត៌មានណា ដែលមានខ្លឹមសារ នាំឲ្យមហាជន យល់ច្រឡំបង្កប៉ះពាល់ ដល់សន្តិសុខសង្គម និងបានសុំគោលការណ៍ពី អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយបានអនុញ្ញាត ឲ្យគាត់ត្រឡប់ទៅផ្ទះវិញ៕