ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើតំណាងធនាគារជាតិនៃកម្ពុជា និងក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ពង្រឹងលើប្រព័ន្ធ ចុះឈ្មោះបង្កើតគណនី ធនាគារគ្រប់ប្រភេទឲ្យមានការតឹងរឹង និងត្រួតពិនិត្យច្បាស់លាស់ ។

នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំអគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃ១៦ កក្កដា នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា «ស្នើទៅកាន់តំណាង ធនាគារជាតិនៃកម្ពុជា និងក្រុមការងារ «ង» ពាក់ព័ន្ធការពង្រឹងលើប្រព័ន្ធ ចុះឈ្មោះបង្កើតគណនីធនាគារគ្រប់ប្រភេទ សូមឲ្យមានការតឹងរឹង និងត្រួតពិនិត្យ ឲ្យបានច្បាស់លាស់ ប្រសិនបើយើងបង្កលក្ខណៈងាយស្រួល ដើម្បីទាក់ទាញអតិថិជន ឲ្យប្រើប្រាស់សេវារបស់យើង ក៏វាមានផលលំបាក និងហានិភ័យ ត្រឡប់មកវិញដែរ ទន្ទឹមនោះបើយើងកំណត់លក្ខខណ្ឌ នៃការបើកគណនីស្តង់ដារ តែមួយ នោះងាយស្រួល ដល់សមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាប់ នូវបទល្មើសហិរញ្ញវត្ថុ តាមប្រព័ន្ធបច្ចេកវិទ្យា»។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា កិច្ចប្រជុំជាលើកទី៣នេះ ក្នុងគោលបំណងពិភាក្សា ស្វែងរកដំណោះស្រាយបន្ថែម ឲ្យបានឆាប់រហ័ស រវាងអគ្គស្នងការដ្ឋាន នគរបាលជាតិ ជាមួយបណ្តាធនាគារ ឯកទេសធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ភ្នាក់ងារផ្ទេរប្រាក់ទាំងអស់ ក្នុងការទប់ស្កាត់បទល្មើស បច្ចេកវិទ្យាគ្រប់ប្រភេទ ពិសេសបទល្មើស ហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា ។ ដើម្បីបង្ការទប់ស្កាត់បញ្ហាទាំងនេះឲ្យមានប្រសិទ្ធភាព លោកនាយឧត្តមសេនីយ៍ បានស្នើនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្កើនការ ផ្សព្វផ្សាយអប់រំ អំពីការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាដល់ គ្រប់មជ្ឈដ្ឋាន ។ ទន្ទឹមនោះដែរ សមាគម នៃធនាគារជាតិ ក៏ត្រូវធ្វើការទំនាក់ ទំនងផ្តល់ព័ត៌មាន ក៏ដូចជាសហការផ្តល់ អ្នកជំនាញ ដើម្បីធ្វើការជាមួយសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយក្នុងករណីផ្លាស់ប្តូរអ្នកជំនាញ របស់ខ្លួនត្រូវរៀបចំមនុស្សថ្មី ឲ្យមានការទំនាក់ទំនងគ្នាបន្តទៀត។

នាយឧត្តមសេនីយ៍ ស ថេត ក៏ស្នើបណ្តាធនាគារឯកទេស ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារផ្ទេរប្រាក់ទាំងអស់ មានការទុកចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ ព្រោះនគរបាលជាតិជាអ្នកទទួលខុសត្រូវ ទៅលើកិច្ចការងារសន្តិសុខជាតិ ដូច្នេះគឺជាអ្នកដែលមាន នីតិសម្បទាជានគរបាលយុត្តិធម៌ត្រឹមត្រូវអនុវត្តតាមផ្លូវច្បាប់ ឬការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

គួរជម្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចបង្កើតឲ្យមានក្រុមការងារ Hotline Scam 24/7 ដើម្បីជួយសម្រួលដល់ពលរដ្ឋ ដែលរងគ្រោះពីការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា អាចដាក់បណ្តឹងអនឡាញ មកកាន់មន្រ្តីជំនាញបានទាន់ពេលវេលា និងឆាប់រហ័ស ។ ក្នុងករណីពលរដ្ឋ ដែលរងគ្រោះដោយសារអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា អាចចូលទៅកាន់តំណភ្ជាប់ hotline.police.gov.kh ឬឆាតទៅផេកអគ្គស្នងការដ្ឋាន នគរបាលជាតិ តាមរយៈ https://www.facebook.com/cambodiapolice៕
