ព័ត៌មានជាតិ

សម្ដេចធិបតី ៖ នយោបាយឈ្នះ-ឈ្នះ ជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្ដិភាពយូរអង្វែង

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្ដិភាពយូរអង្វែង ព្រោះនយោបាយ ឈ្នះ-ឈ្នះនេះហើយ បានធ្វើឲ្យលុបបំបាត់ ការរើសអើងខាងជាតិសាសន៍ និងសាសនា ។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នៅព្រឹកថ្ងៃទី១៦ កក្កដា សម្ដេចធិបតីថ្លែងថា «សន្ដិភាព និងសង្គ្រាមតំណាងឲ្យទិដ្ឋភាពពីរ នៃរបៀបដែលយើងប្រាថ្នា រស់នៅជាសង្គមមួយ និងរបៀបដែលយើងដោះស្រាយ និង ភាពខុសគ្នារបស់យើង ។ សន្ដិភាព និងសង្គ្រាម គឺជាស្ថានភាពដ៏ស្មុគស្មាញបំផុត ដែលមនុស្សគ្រប់រូប នឹងត្រូវប្រឈមមុខមិនថា ជាជនរងគ្រោះ នៃសង្គ្រាម ឬអ្នកនយោបាយនោះទេ គឺចង់បានការបញ្ចប់ជម្លោះ និងការកសាងសន្ដិភាព»។

សម្ដេចធិបតីបន្ដថា «នយោបាយ ឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្ដិភាពយូរអង្វែង ដោយហេតុថា នយោបាយ ឈ្នះ-ឈ្នះ នេះ បានលុបបំបាត់ ការរើសអើងខាងជាតិសាសន៍ ខាងសាសនា រវាងក្រុមមនុស្ស ព្រមទាំងបានផ្ដល់លទ្ធិភាព ដល់ពលរដ្ឋខ្មែរទាំងអស់ រួបរួមសុខដុមរមនា ក្នុងសង្គមជាមួយគ្នាថែមទៀតផង»។

ជាងនេះទៅទៀត សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា តាមរយៈនយោបាយ ឈ្នះ-ឈ្នះ នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)ដោយមានកិច្ចសហការ ដ៏ល្អប្រសើរពីអង្គការសហប្រជាតិ និងការឧបត្ថម្ភគាំទ្រ ជាថវិកា ពីសហគមន៍អន្តរជាតិនានា ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នៃរបបខ្មែរក្រហម, ការផ្សះផ្សាសង្គម ដែលបែកបាក់, ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការផ្តល់សារមួយ សម្រាប់មេដឹកនាំ នៃបណ្តាប្រទេសទូទាំងពិភពលោក អំពីផលវិបាក នៃការប្រព្រឹត្តអំពើសាហាវ យង់ឃ្នងព្រៃផ្សៃ របស់ពួកគេ ៕

To Top