ព័ត៌មានជាតិ

សម្តេចធិបតី៖ ប្រវត្តិសាស្ត្រល្អ ត្រូវប្រឹងប្រែងដើម្បីជោគជ័យ តែប្រវត្តិសាស្ត្រជូរចត់ត្រូវចងចាំ ហើយជៀសឲ្យបាន

រូបភាព៖ AKP

ភ្នំពេញ៖ ថ្លែងនឹករលឹកដល់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងខ្មៅងងឹត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញដល់កូនខ្មែរជំនាន់ក្រោយថា ប្រវត្តិសាស្ត្រដែលល្អត្រូវតែខិតខំប្រឹងប្រែង ដើម្បីរៀនជោគជ័យ តែបើប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយត្រូវធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្តិអំពើជ្រុលនិយម និងការកាប់សម្លាប់ប្រជាពលរដ្ឋ ។

ក្នុងពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផល​​នៅអគារ អនុវត្តមុខងារសេសសល់​របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)» នាថ្ងៃទី១៦ កក្កដា សម្តេចធិបតីបានលើកឡើងពីចំណុចមួយ តាមរយៈវីដេអូឃ្លីបមួយនិយាយអំពីទិដ្ឋភាពទុក្ខវេទនា ក្នុងរបបបប្រល័យពូជសាសន៍ប៉ុលពត នៅលើបណ្តាញសង្គម ដែលមានការបញ្ចេញមតិជាច្រើន ដោយសម្តេចកត់សម្គាល់ថា មនុស្សចាស់ បានចងចាំ ចំណែកយុវជន ឬក្មេងជំនាន់ក្រោយ បែរជាមិនជឿនូវសកម្មភាព វីដេអូឃ្លីប អំពីប្រវត្តិសាស្រ្តនោះមានន័យថា ក្មេងជំនាន់ក្រោយ អាចនឹងត្រូវបានមើលរំលងអំពីប្រវត្តិសាស្ត្រ ដែលទាមទារឲ្យមានការរំលឹក និងជំរុញផ្សព្វផ្សាយ ដើម្បីបញ្ជ្រៀបការយល់ដឹង អំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។

សម្តេចធិបតីមានប្រសាសន៍ថា “គ្រាន់តែក្នុងដំណាក់កាលប៉ុណ្ណឹង ដែលអ្នកនៅរស់ នៅចងចាំផង ប្រវត្តិសាស្ត្រ មិនត្រូវបានចែករំលែក ឬមួយក៏គេមិនជឿទៅហើយ ។ ប្រវត្តិសាស្ត្រ យើងមិនមែនយកមកដើម្បីតែរំលឹកតែអំពើអាក្រក់ ឬមួយភាពអវិជ្ជមាននោះទេ ប៉ុន្តែវាជាទិដ្ឋភាពមួយនៅក្នុងសង្គម របស់យើងដែលកម្ពុជា និងពិភពលោករងគ្រោះដែលជាអ្វីដែលមនុស្សជាតិ មិនត្រូវការកើតឡើងវិញ ។ ការរៀបចំ ការចងក្រង ការស្រាវជ្រាវ ចាំបាច់ត្រូវតែមាន ប៉ុន្តែត្រូវមានផ្អែកទៅលើឯកសារដែលពិតប្រាកដ កុំឲ្យនិយាយថា ក្អែក១ ក្អែក១០ បើប្រវត្តិសាស្ត្រ មិនផ្អែកទៅលើ​ឯកសារពិតប្រាកដ ថ្ងៃក្រោយវានឹងក្លាយហើយ ។ ចឹងការទាមទារការតម្កល់ទុកនូវឯកសារនៅទីនេះ ក៏ដូចជាការបង្កើតនូវ​រៀបចំវិទ្យាស្ថានទៅថ្ងៃមុខ នៅក្នុងការថែរក្សា និងចែករំលែក ព្រោះប្រវត្តិសាស្ត្រឥឡូវ សូម្បីតែនៅអង្គការសហប្រជាជាតិ កន្លែងខ្លះ ក៏មានបង្កើតចេញជាថ្ងៃចងចាំផង នៅក្នុងអំពើប្រល័យពូជសាសន៍ នៅប្រទេសមួយចំនួន ដើម្បីឱ្យមនុស្សជាតិចងចាំពីប្រវត្តិសាស្ត្រ” ។

សម្តេចធិបតីគូសបញ្ជាក់ថា “ប្រវត្តិសាស្ត្រដែលល្អ យើងត្រូវតែខិតខំប្រឹងប្រែងដើម្បីជោគជ័យ តែប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយត្រូវធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្តិអំពើជ្រុលនិយម ការកាប់សម្លាប់ប្រជាពលរដ្ឋ ទៅក្នុងគោលនយោបាយទិសដៅណាក៏ដោយ ហេតុផលណាក៏ដោយ ប៉ុន្តែដែលចេញគោលនយោបាយ កាប់សម្លាប់ប្រជាពលដ្ឋរាប់លាននាក់បែបនេះ គឺមិនអាចទទួលយកបានទេ ហើយកូនខ្មែរទាំងអស់ ត្រូវចងចាំ ហើយការសិក្សាស្រាវជ្រាវឯកសារបែបនេះ និងការចងក្រងបែបនេះ ត្រូវថែរក្សាឲ្យជាប់ មិនត្រឹមតែថែរក្សាទុកនៅក្នុងកន្លែងនេះទេ” ៕

To Top