ព័ត៌មានជាតិ

សម្តេចធិបតី៖ សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក. ធ្វើឲ្យកម្ពុជា មានសក្តានុពលជាងគេក្នុងតំបន់ ទាក់ទងការកសាងសន្តិភាព

រូបភាព៖ AKP

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ត្រូវបានគេចាត់ទុកកម្ពុជាថា ជាប្រទេសមួយដែលមានសក្តានុពលជាងគេក្នុងតំបន់ ក្នុងការទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់ ។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅកាត់ថាអ.វ.ត.ក ជាពាក្យពេញមួយដែលត្រូវបានប្រើប្រាស់ ជាផ្លូវការនាពេលបច្ចុប្បន្ន ខណៈមនុស្សជាច្រើននៅបន្ត ស្គាល់អង្គជំនុំជំម្រះនេះថា ជាសាលាក្តីខ្មែរក្រហម ។ សមិទ្ធផលនៃ អ.វ.ត.កមិនអាចកាត់ផ្តាច់បានពីការ ដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្នដែលបាន ផ្តួចផ្តើមបង្កើតដោយមាន អង្គការសហប្រជាជាតិចូលរួម ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះពីរបបខ្មែរក្រហម ក្នុងគោលដៅធានាសន្តិភាព និងការបង្រួបបង្រួមជាតិដែលជាផ្នែកមួយ នៃក្របខ័ណ្ឌគោលនយោបាយ ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ។

ក្នុងពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផល​​ នៅអគារអនុវត្តមុខងារសេសសល់​ របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)» នាថ្ងៃ១៦ កក្កដា សម្តេចធិបតីមានប្រសាសន៍ថា “ខ្ញុំក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តអប់រំការផ្សាព្វផ្សាយ ឲ្យបានទូលំទូលាយអំពីបណ្ណាសារ នៃសំណុំរឿងនេះ និងសមិទ្ធផលសម្រេចបានរបស់អ.វ.ត.ក ដើម្បីសិស្សនិស្សិត អ្នកសិក្សាស្រាវជ្រាវជាតិ អន្តរជាតិ អាចមានលទ្ធភាព ពង្រីកចំណេះដឹងរបស់ពួកគេពាក់ព័ន្ធនឹងរបបខ្មែរក្រហម ។ ជាមួយគ្នានេះ យើងត្រូវជំរុញឲ្យមានសហថាមពល សហថាមភាព នៅក្នុងចំណោមក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នអប់រំ វប្បធម៌ យុត្តិធម៌ និងទេសចរណ៍ ក្នុងការផ្ទេរទទួលចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ល្អៗ និងឯកសារនានា ពីអ.វ.ត.ក នៅក្នុងស្មារតីបញ្ជ្រៀបការយល់ដឹង និងការចូលរួមថែរក្សាសមិទ្ធផលទាំងនេះ សម្រាប់មនុស្សជំនាន់ក្រោយ ព្រមទាំងបង្ការទាំងទប់ស្កាត់អំពើជ្រុលនិយម និងការកើតឡើងវិញនូវអតីតកាលដ៏ខ្មៅងងឹត និងជូរជត់របស់កម្ពុជានាពេលអនាគត” ។

សម្តេចធិបតីបញ្ជាក់ថា ជាមួយការអប់រំ និងផ្សព្វផ្សាយអំពីសមិទ្ធផលរបស់អ.វ.ត.ក នេះ ក៏ត្រូវគិតគូរផងដែរ អំពីការថែរក្សា ប្រកបដោយលក្ខណៈនិរន្តរភាព នូវសមិទ្ធផលគំរូសំណងសមូលហភាព និងផ្លូវចិត្ត ដែលអ.វ.ត.ក សម្រេចផ្តល់ឲ្យដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះនៃខ្មែរក្រហម ។

សម្តេចធិបតីបន្តថា “សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក ដូចដែលយើងបានឃើញនៅពេលនេះ បានធ្វើឲ្យប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលមានសក្តានុពលជាងគេ ក្នុងតំបន់ ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានផ្តល់គោលការណ៍ ដើម្បីឲ្យសិក្សាររៀបចំបង្កើតវិទ្យាស្ថានរបស់រដ្ឋមួយ ដែលទទួលបន្ទុកកេរ្តិ៍តំណែររបស់អ.វ.ត.ក ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកចំណេះដឹង និងផ្តល់ព័ត៌មានជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណៈជនទូទៅ ដើម្បីស្វែងយល់បន្ថែមអំពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ក៏ដូចជាជោគជ័យនៃដំណើរការជំនុំជំរះក្តីរបស់ អ.វ.ត.ក.”៕

To Top