ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តាមរយៈលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ចាម ក៏ដូចជាលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១១ ផ្សេងទៀត នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំការប្រឡងជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
ក្នុងឱកាសអញ្ជើញចុះសម្របសម្រួល និងត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅមណ្ឌលប្រឡងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក សោម សូរីដា សមាជិក គ.ជ.ប. បានអះអាងថា គ.ជ.ប. ជ្រើសរើសមន្ត្រីដែលមានសមត្ថភាព និងមានបទពិសោធគ្រប់គ្រាន់ ដើម្បីចូលមកបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដែលធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នំា២០២៤ ប្រព្រឹត្តទៅដោយរលូនល្អ។
លោក សោម សូរីដា បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោត អចិន្រ្តៃយ៍ ដើម្បីធានានូវគុណភាពបញ្ជីបោះឆ្នោតមួយមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវភាពសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន១២ ដែលនិងត្រូវរៀបចំការប្រឡង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ រួមមានៈ រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្ដបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកែប និងខេត្តបន្ទាយមានជ័យ៕




លោក សោម សូរីដា សមាជិក គ.ជ.ប.
