បាត់ដំបង ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តបាត់ដំបង ដោយមានវត្តមាន ចូលរួមពីតំណាង ថ្នាក់ដឹកនាំខេត្តបាត់ដំបង សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៤០០នាក់។
លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈការ អនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺបុគ្គលស្វ័យ និយោជន៍ និង អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើស ទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានា ជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទាន បាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព ។
លោករដ្ឋលេខាធិការ បញ្ជាក់ថា ចំពោះកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់នៅទូទាំងប្រទេស ក្រសួងក៏នឹងពង្រីកការ ដាក់ពង្រាយការបណ្តុះបណ្តាល តាមសហគមន៍ សម្រាប់ជំនាញសាមញ្ញៗ ដូចជា ផ្នែកសេវាកម្ម និងជំនាញពាក់ព័ន្ធនឹងកសិកម្ម និងកសិ-ឧស្សាហកម្ម។ ការពង្រឹងភាពជា ដៃគូរវាងរដ្ឋ និងឯកជនក្នុងការចូលរួមអភិវឌ្ឍវិស័យ TVET តាមរយៈការលើកទឹកចិត្តក្នុងការបង្កើត និងពង្រីកកិច្ចសហការ រវាងវិស័យឯកជន (សាកលវិទ្យាល័យ/គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាល TVET សម្រាប់កម្មវិធីបណ្តុះបណ្តាលផ្អែកលើការងារ (Work-Based Learning Program), ការផ្លាស់ប្តូរជំនាញ, ការបង្កើនជំនាញ និងប្រសិទ្ធភាពនៃការគ្រប់គ្រង ដែលសហគ្រាស គ្រឹះស្ថាន អាចជាអ្នកផ្ដល់ការបណ្តុះបណ្តាល ដោយផ្ទាល់តែម្ដង ប្រសិនបើសហគ្រាស គ្រឹះស្ថាននោះមានបំណងចង់ធ្វើដោយខ្លួនឯង ហើយក្រសួងក៏លើកកម្ពស់ពន្លឿន និងជំរុញការអនុវត្តថ្នាលបណ្តុះបណ្តាល តាមប្រព័ន្ធអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យកម្មករនិយោជិត អាចសិក្សាតាមប្រព័ន្ធអនឡាញ (ពីចម្ងាយ) ឬសិក្សាដោយខ្លួន ឯងបានផងដែរ ៕