ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមលក្ខណៈ ដើម្បីសហការគាំទ្រ ចំពោះយុទ្ធសាស្រ្តថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ «គំនិតផ្តួចផ្តើមថ្មីលើសកម្មភាពមីន ជប៉ុន-កម្ពុជា» ។
នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ លោក YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន និងគណៈប្រតិភូមកពីជប៉ុន នាថ្ងៃទី១៥ កក្កដា លោកទេសរដ្ឋមន្រ្តី លី ធុជ គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជប៉ុនមកកម្ពុជា បង្ហាញពីសក្ខីភាព នៃទំនាក់ទំនងយូរអង្វែង ជាប្រវត្តិសាស្រ្ត និង ស៊ីជម្រៅរវាងប្រទេស និង ប្រជាជនទាំងពីរ ចាប់តាំងពីឆ្នាំ១៦០៣ ក្នុងខណៈកប៉ាល់ពាណិជ្ជកម្មកម្ពុជា បានចូលចតនៅកំពង់ផែ Nagasaki និងការបង្កើតទំនាក់ទំនងការទូតផ្លូវការ រវាងកម្ពុជា-ជប៉ុន ចាប់តាំងពីឆ្នាំ១៩៥៣។
លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលជប៉ុន ដែលចូលរួមចំណែក ក្នុងដំណើរការស្វែង រកសន្តិភាពនៅកម្ពុជា និងការស្តារ ប្រទេសជាតិឡើងវិញ ក្នុងនោះរួមចំណែកដល់សកម្មភាព មីនមនុស្សធម៌រយៈពេលជាង៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផងដែរ។ ការចូលរួមរបស់ជប៉ុន ពិតជាបានឆ្លើយតបនឹង គោលនយោបាយកាត់បន្ថយភាពក្រី ការកាត់បន្ថយគ្រោះថ្នាក់ ជួយសង្រ្គោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន។
លោកទេសរដ្ឋមន្រ្តីថា «រដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈដើម្បីសហការគាំទ្រចំពោះយុទ្ធសាស្រ្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ គំនិតផ្តួចផ្តើមថ្មីលើសកម្មភាព មីន ជប៉ុន-កម្ពុជា ហើយកម្ពុជាត្រៀមសហការ និងផ្តល់ភាពជាដៃគូ ដើម្បីភាពជោគជ័យ របស់ជប៉ុនក្នុងការធ្វើ ជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២២ ឆ្នាំ២០២៥ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)» ។
លោក YAMAGUCHI Natsuo បានលើកឡើងថា លោកបានទស្សនកិច្ច នៅកម្ពុជា ចំនួនពីរដងក្នុងឆ្នាំ១៩៩១ និងឆ្នាំ១៩៩២ ក្នុងដំណើរទស្សនកិច្ចចុងក្រោយ របស់លោក នៅកម្ពុជា លោកមើលឃើញ យ៉ាងច្បាស់ អំពីស្ថានភាពលំបាករបស់ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារមរតកនៃសង្រ្គាម ថែមទាំងរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ មូលហេតុនេះ បានធ្វើឲ្យរាជរដ្ឋាភិបាលជប៉ុន សម្រេចចិត្តក្នុងការប្រើប្រាស់ ធនធានរបស់ខ្លួន រួមចំណែកដល់ការលប់បំបាត់គ្រាប់មីននៅទូទាំងពិភពលោក។
លោកបន្តថា ជប៉ុន បានដាក់ចេញនូវគោលការណ៍ចំនួន៣ ក្នុងការរួមចំណែកដល់វិស័យសកម្មភាពមីន រួមមាន ៖ ទី១/ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ទី២/ ការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមីន និងទី៣/ កិច្ចសង្រ្គោះជនរងគ្រោះ រួមទាំងការស្តារសម្បទាឡើងវិញ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោកYAMAGUCHI Natsuo បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជា ហើយបញ្ជាក់ថា កម្ពុជាមានជំនាញគ្រប់គ្រាន់ ក្នុងការងារបោសសម្អាតមីន និងចែករំលែកបទពិសោធន៍ របស់ខ្លួនទៅកាន់ពិភពលោក ដែលកំពុងជួបហានិភ័យ ដោយសារមីន។ លោក បានស្នើជប៉ុន-កម្ពុជា បន្តរួមគ្នាដោះស្រាយបញ្ហាមីន នៅលើពិភពលោក ៕