ព័ត៌មានជាតិ

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត បានសិក្សានិងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និង ជញ្ជូន បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត គិតមកដល់ពេលនេះ (១៦ កក្កដា) ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការហើយ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃ១៦ កក្កដា លោក ផន រឹម បានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត គឺជាគម្រោងដ៏ធំ និងជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រសើរឡើងស្ថានភាពចរាចរណ៍សម័យទំនើប, ការដឹកជញ្ជូនទំនិញ និងភស្តុភារកម្ម ទៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា និងទៅច្រកព្រំដែនកម្ពុជា-ថៃ។

សម្រាប់ដំណើរការនៃគម្រោងផ្លូវល្បឿនលឿនេះ លោកបន្ដរៀបរាប់ថា តាមគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីភាគខាងជើង (មហាវិថីឈ្នះឈ្នះ)រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ, ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ, ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ ១៣១គូឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ៣ តំបន់ផ្តល់សេវាកម្ម ៤) ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ៥ តំបន់ផ្តល់ សេវាកម្ម ១ ចំណតរថយន្ត ១) ខេត្តបន្ទាយមានជ័យ ៩៥គីឡូម៉ែត្រ (ផ្លូវប្ដូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១ ចំណតរថយន្ត ១)។សរុបមានផ្លូវប្តូរទិស១០ កន្លែង សេវាកម្ម ៧កន្លែង និងចំណតរថយន្ត២កន្លែង)។

លោកបន្ថែមថា “មកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ( Traffic volume survey),សិក្សាជលសាស្ត្រ(Hydrological survey)ការសិក្សាភូគព្ភសាស្ត្រ(Geotechnical survey) ការសិក្សាវាស់ស្ទង់ (Topographi cal survey) ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ (cultural relics and nature reserves survey)”។

ទន្ទឹងនឹងនោះ ក្រុមមហ៊ុន បាននិងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន នៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។

គួរបញ្ជាក់ថា ក្រុមហ៊ុនCRBC ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យវិនិយោគសាងសង់គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ដោយហេតុថា ក្រុមហ៊ុនមានបទពិសោធ និងទទួលស្គាល់ជាអន្តរជាតិលើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាមានបទពិសោធសាងសង់ និងធ្វើអាជីវកម្មលើគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រមទាំងបាន និងកំពុងវិនិយោគសាងសង់ផ្លូវ ល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិតផងដែរ។

ជាបច្ចេកទេសផ្លូវនេះ ដូចគ្នានិងគម្រោងផ្លូវល្បឿនលឿនទាំងរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ-ក្រុងបាវិត ដោយផ្លូវចែកជា៤គន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវ ២៤,៥ម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ២គន្លងមក)ទទឹង ៣,៧៥មែត្រ សួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវទទឹង ៣ម៉ែត្រ គន្លងផ្លូវឈប់បន្ទាន់ទទឹង ២,៥ម. និងចិញ្ចើមផ្លូវទទឹង ០,៧៥ម. ដោយបានសិក្សាល្បឿន ១០០ ទៅ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

គម្រោងនេះត្រូវបានចែកចេញជា២ជំហាន ដោយគម្រោងជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ២.៥ប៊ីលាន និងជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ១.៧ប៊ីលាន៕

To Top