ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន ថាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។
ក្នុងឱកាសអនុញ្ញាតឱ្យ លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួល នូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
សម្តេច បន្តទៀតថា ប្រទេសជាច្រើន ស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនខ្វល់ពីកត្តាសន្តិភាពក្នុងប្រទេស ដែលប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូលទេ។
សម្ដេចបានមានប្រសាសន៍ថាសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះ មានសន្តិភាពទើបយើងអាចមានអ្វីៗ បានដូចសព្វថ្ងៃនេះ។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុន ក្នុងការបោសសម្អាតមីន ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ ព្រោះយើងដោះមីនបានប៉ុណ្ណា គេក៏នឹងដាក់បន្ថែមប៉ុននោះ។
សម្តេចតេជោ បានបញ្ជាក់ថា «លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។ ដូចនេះ ការរក្សាឱ្យបាននូវតុល្យភាព នៃកត្តាទាំង៣នេះ ទើបប្រទេសមានការអភិវឌ្ឍ និងសន្តិភាព ពិតប្រាកដ»។
លោក YAMAGUCHI បានថ្លែងអំណរគុណសម្តេចតេជោ និងបានកត់ត្រាយ៉ាងច្បាស់លាស់ ពីទស្សនៈប្រកបដោយគតិបណ្ឌិតរបស់សម្តេច អំពីគុណតម្លៃនៃសន្តិភាព ដាច់ខាតត្រូវមានសន្តិភាព ទើបអាចធ្វើការដោះមីន អភិវឌ្ឍប្រទេស និងមាននីតិរដ្ឋបាន៕