ព័ត៌មានជាតិ

សម្ដេចតេជោ៖ ការវិនិយោគ របស់ក្រុមហ៊ុនជប៉ុននៅកម្ពុជានៅមានកម្រិត

រូបភាព៖ SHS MEDIA

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeitoថាការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី កំពុងរៀបចំបរិយាកាស វិនិយោគឱ្យកាន់តែប្រសើរឡើង ។
សម្ដេចចង់ឱ្យក្រុមហ៊ុនជប៉ុន បង្កើនការវិនិយោគបន្ថែមទៀត នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានោះ សម្ដេចពិតជារីករាយចំពោះការដំឡើងកម្រិត ទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុន ទៅជា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានមោទនភាព ដែលបានធ្វើការជាមួយជប៉ុន អស់រយៈពេល៣៤ឆ្នាំកន្លងមកនេះ ។
សម្ដេចក៏បានសម្តែងនូវក្តីមោទនភាព ដែលបានបើកទ្វារឱ្យជប៉ុន បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញ មកកម្ពុជាមុនគេ។

ចំពោះការជំរុញវិនិយោគជប៉ុនមកកម្ពុជា លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ នឹងពាំនាំខ្លឹមសារនេះទៅដល់រដ្ឋាភិបាលជប៉ុន និងជាពិសេស ទៅរដ្ឋមន្រ្តីសាធារណការជប៉ុន ដែលជាសមាជិកគណបក្ស Komeito ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ឱ្យបានច្រើន និងសម្បូរបែបថែមទៀត ដែលជាកត្តាសំខាន់សម្រាប់អ្នកវិនិយោគ៕

To Top