ព័ត៌មានជាតិ

ឆមាសទី១ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សស្លាប់ជិត ៨០០នាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍មួយដែលបង្ហាញក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃ១៦ កក្កដា បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១ ៥២០លើក ធ្វើឲ្យមានអ្នកស្លាប់ចំនួន៧៩៣នាក់ និងអ្នករបួសចំនួន២ ០៧២នាក់។

របាយការណ៍ដដែលនេះបញ្ជាក់ទៀតថា «ក្នុងគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងទាំង ១ ៥២០លើក ក្នុងនោះចំនួនអ្នកស្លាប់ចំនួន ៧៩៣នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥ភាគរយ ចំនួនអ្នករបួស ២ ០៧២នាក់ កើនឡើង ៤៤នាក់ ស្មើនឹង២ភាគរយដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។ ក្នុងចំណោមអ្នកស្លាប់សរុបមាន៧៥ភាគរយ ជាអ្នកជិះម៉ូតូ ខណៈចំនួនយានយន្តបានចុះបញ្ជី គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៤ សរុបចំនួន ៧ ៣៥១ ៩០៦គ្រឿង ក្នុងនោះម៉ូតូ ចំនួន ៦ ២៤៤ ០៩៦គ្រឿង»។

សម្រាប់កិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា ការរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឲ្យស្របតាមស្ថានភាពជាក់ស្តែងនៃការរីកចម្រើនរបស់​កម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមកនៅកម្រិតទាបបំផុត និងចូលរួមអនុវត្តនូវផែនការសកលស្តីពីសុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបាន ៥០% នៅឆ្នាំ២០៣០។

សូមរំលឹកថា សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ត្រូវបានបន្ថែមថ្មី និងកែសម្រួលចំនួន៥២មាត្រា លើ៩២មាត្រា ដែលក្នុងនោះ ផ្តើមស្នើដោយក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន៤០មាត្រា ផ្តើមស្នើដោយក្រសួងមហាផ្ទៃចំនួន៥មាត្រា និងផ្តើមស្នើដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចំនួន៧មាត្រា៕

To Top