ព័ត៌មានជាតិ

កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្របាត់ នៅតំបន់ជួរភ្នំក្រវាញ

ភ្នំពេញ ៖ កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ បាននិងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ខ្លួននៅតំបន់ជួរភ្នំក្រវាញ ទោះបីជា អាកាសធាតុតំបន់នោះ កំពុងបង្កការលំបាក យ៉ាងណាក៏ដោយ។

យោងតាមហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃ១៧ កក្កដានេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ពេលកំពុងហ្វឹកហ្វឺន នាពេលកន្លងមក។

អ្នកនាំពាក្យបញ្ជាក់ថា «នេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្ម ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ»។

សូមរំលឹកដថា តាមរយៈលិខិត ស្ដីពីផែនការហោះហើររបស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដា បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលបាត់ការទាក់ទង គឺដឹកនាំដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវមានជើងហោះហើរ ពីភ្នំពេញ-ថ្មដារ-ពោធិ៍សាត់-ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឲ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡប់មកវិញ នៅម៉ោង១៤រសៀលថ្ងៃដដែល៕

To Top