ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវ បន្ទាប់ពីបានទទួលដំណឹង អំពីជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការ ប្រទេសសិង្ហបុរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបានចូលមកកម្ពុជា ។
បើតាមហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី១៧ កក្កដានេះ បានឲ្យដឹងថា ដោយកម្ពុជា ក៏ជាសមាជិកនៃអង្គការឃ្លាំងមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញាវត្ថុអន្តរជាតិ ហៅកាត់ថា FATF ផងដែរនោះ និងក្រោយពីបានទទួលដំណឹងពាក់ព័ន្ធ ជាមួយជនជាតិចិនម្នាក់ដែលមានការ ពាក់ព័ន្ធនឹងបទលើ្មសសម្អាតប្រាក់ បានចូលមកក្នុងទឹកដីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមកអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ធ្វើការស្រាវជា្រវ ស្វែងរកជនជាតិចិននោះឲ្យបានឆាប់រហ័ស ដើម្បីអនុវត្តនីតិវិធីធ្វើការបណ្ដេញចេញពីកម្ពុជា។
ជាលទ្ធផល បន្ទាប់ពីទទួលបានការណែនាំ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចមក នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជា្រវ ស៊ើបអង្កេតស្វែងរករួចមក បានឃាត់ខ្លួនជនជាតិចិខាងលើដែលមាន ឈ្មោះ ZHANG RUIJIN ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនប្រទេស Saint Kitts and Nenis ដែលត្រូវបានតុលាការប្រទេសសិង្ហបុរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់។
សូមបញ្ជាក់ថា ជនជាតិចិន ខាងបានចូលមកកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏ត្រូវបានស្វែងរកឃាត់ខ្លួន បានដោយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ព្រមទាំងបានរៀបចំនីតិវិធី រួចក៏បានធ្វើការបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ តាមប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕