ភ្នំពេញ ៖ ក្រសួងយុត្ដិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» តាមរយៈ QR CODE លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌។
តាមរយៈសេចក្ដីជូនដំណឹងនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងទាំងពីរបានឯកភាពដាក់ឲ្យដំណើរការជាផ្លូវការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌ គឺជាការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តលើការផ្តល់សេវា សាធារណៈរបស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ស្របតាមក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាពិសេស គឺជាការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅ នឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ឈានទៅសម្រេចឲ្យ បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
ការដាក់ឲ្យដំណើរការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌ នឹងផ្តល់ភាពងាយស្រួលក្នុងការផ្ទៀង ផ្ទាត់ភាពត្រឹមត្រូវរបស់ព្រឹត្តិបត្រថ្កោលទោសលេខ៣ នៃក្រសួងយុត្តិធម៌ ដោយគ្រាន់តែប្រើប្រាស់នូវម៉ាស៊ីន ថតរបស់ឧបករណ៍ឆ្លាតវៃក្នុងការស្កេន QR Code តែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» គឺជាថ្នាលបច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាលដែលអភិវឌ្ឍន៍ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវបានដាក់ឲ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវិត្តកម្មឌីជីថលស្របតាម ឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាលនេះ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR C QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ៕